ភ្នំពេញ ៖ គណៈកម្មការដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជ ធានី-ខេត្ត (គ.យ.ក.ស) បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង រាជធានី-ខេត្ត ចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% ក្នុងរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា យុទ្ធនាការដោះស្រាយការក កស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជ ធានី-ខេត្ត ត្រូវបានប្រកាស ដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
ក្រសួងបន្ដថា «បើគិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នេះ គ.យ.ក.ស បានដំណើរការ ចំនួន៤២ថ្ងៃប៉ុណ្ណោះ ជាលទ្ធផលសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% នៃសំណុំរឿងកកស្ទះ សរុបត្រូវបានជំនុំជម្រះរួច»។
ក្រសួងបញ្ជាក់ថា ទន្ទឹម នឹងនេះ គ.យ.ក.ស រំពឹងទុកថា សាលាដំបូង រាជធានី- ខេត្ត ទូទាំងប្រទេស នឹងបន្តការខិតខំដោះស្រាយសំណុំរឿងកកស្ទះទាំងនេះ ឲ្យបានចប់សព្វគ្រប់នៅ ត្រឹមដំណាច់ ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ៕ ដោយ ៖ អេង ប៊ូឆេង

