ព័ត៌មានជាតិ

មន្ត្រីព្រំដែនចិន ធ្វើសមយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ក្បែរប្រទេសកូរ៉េខាងជើង

បរទេស៖រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅព្រំដែនចិន-កូរ៉េខាងជើង ដើម្បីការពារប្រឆាំងការគម្រាម កំហែងសន្តិសុខខុសធម្មតា នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មានចិន បានបង្ហោះសារលើបណ្ដាញសង្គម WeChat នៅថ្ងៃពុធម្សិលមិញនេះ នូវវីដេអូស្តីពីការហ្វឹកហាត់ ដែលធ្វើឡើងនៅក្នុងខេត្ត Jilin ជាទីនៅអាស្រ័យរបស់ប្រជាជនជនជាតិភាគតិចកូរ៉េ-ចិនដ៏ធំបំផុត។ ប្រទេសចិននិងប្រទេសកូរ៉េខាងជើង មានព្រំដែនជាប់គ្នាប្រវែង៨០០ម៉ាយ ហើយមានព្រំដែនប្រវែងប្រហែល៧៥០ម៉ាយ នៅក្នុងខេត្ត Jilin។

គួរបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញនេះ ទីភ្នាក់ងារអន្តោប្រវេសន៍របស់ទីក្រុងប៉េកាំង មិនបាននិយាយបញ្ជាក់ប្រាប់ពីទីតាំងជាក់លាក់នៃការហ្វឹកហាត់នោះទេ តែវីដេអូបង្ហាញឲ្យឃើញមន្ត្រីប៉ូលីសប្រដាប់អាវុធចិន កំពុងចូលទៅក្នុងអគារជាមួយឆ្កែរបស់ប៉ូលីស និងបង្ក្រាបឧក្រិដ្ឋជននៅក្នុងធ្វើសមយុទ្ធហ្វឹកហាត់នោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top