ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ទទួលប្រាក់តម្កល់ ពីអ្នកដំណើរ បរទេសបាន ៩លានដុល្លារ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតមកដល់ ពេលនេះ ក្រសួងទទួលបានប្រាក់តម្កល់ពីអ្នកដំណើរ បរទេសនានាដែលត្រូវបង់ថ្លៃសម្រាប់ធ្វើចត្តាឡីស័ក រកកូវីដ១៩ ក៏ដូចជាការស្នាក់នៅផ្ទាល់ខ្លួន សរុបចំនួន ៩លានដុល្លារ លើអ្នកដំណើរសរុបប្រហែលជា៣ពាន់នាក់។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ បានថ្លែងថា សម្រាប់ថវិកាដែលអ្នកដំណើរបង់ថ្លៃសេវា ធ្វើចត្តាឡីស័ក ក៏ដូជាការស្នាកនៅនោះ គឺជាការចំណាយ សម្រាប់ការងាររកមេរោគជាជំហ៊ានដំបូង ។ រីឯថវិកាធានារ៉ាប់រងចំនួន៥ម៉ឺនដុល្លារ ដែលពួកគេបានទិញពីក្រៅប្រទេសមានលិខិតបញ្ជាក់ពីប្រទេសសាមីនោះ រហូតមកដល់ពេលនេះក្រសួងមិនទាន់អាចយកថវិកាធានារ៉ាប់រងនោះមកប្រើប្រាស់បានឡើយ។

លោកស្រីបន្តថា ក្រសួងសុខាភិបាល កំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន ដើម្បីដោះស្រាយឲ្យមានការប្ រើប្រាស់ថវិកាធានារ៉ាប់រង របស់ជនបរទេសទាំងនោះ សម្រាប់ប្រើប្រាស់ក្នុងស្រុកបានផងដែរ។

លោកស្រីបន្តថា “ចឹងថវិកាដែលយើងទទួលបានពីការតម្កល់ រហូតមកដល់ឥលូវនេះ គឺមានចំនួន ៩លាន ដុល្លារហើយ រហូតមកដល់ល្ងាចមិញ។ជាតួលេខមួយដែលយើងបានទទួលលុយតម្កល់នេះ ពីអ្នកដំណើរ ប្រហែលជា៣ពាន់នាក់”។

លោកស្រីបញ្ជាក់ថា ចំពោះប្រាក់តម្កល់ចំនួន៣ពាន់ដុល្លារ របស់ជនបរទេសដែលទុកតម្កល់សម្រាប់ធ្វើចត្តាឡីស័ក ក៏ដូចជាការស្នាក់នៅនោះ ក្នុងរយៈពេលចំនួន៥ថ្ងៃ ប្រសិនបើពិនិត្យរកកូវីដ១៩ មិនឃើញទេនោះ នឹងត្រូវប្រគល់ថវិកាទាំងនោះជូនទៅឲ្យពួកគេវិញដោយមិនចាំបាច់ត្រូវចាំដល់រយៈពេល១៤ថ្ងៃនោះទេ។

ក្នុងឱកាសនោះលោកស្រីបញ្ជាក់ថា ចាប់តាំងពី មានការចាប់ផ្ដើមរឹតបន្តឹងធ្វើចត្តាឡីស័កយកសំណាកអ្នកដំណើរនៅព្រលានយន្តហោះ និងគ្រប់គ្រងភ្ញៀវទេសចរចូលមកកម្ពុជាទៅពិនិត្យរកកូវីដ១៩ គឺបានរកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន១៨ ករណី។

ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ទៀតថា គិតមកដល់ពេលនេះ ក្រសួងបានធ្វើតេស្តរកអ្នកជំងឺកូវីដ១៩ សរុបចំនួន៤៤,១០៧នាក់។

ជាងនេះទៅទៀត លោកស្រីបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នា អនុញាតឱ្យបើកសាលារៀន ជាបណ្តើរៗឡើងវិញ នៅក្នុងខែសីហា ឆ្នាំ២០២០ផងដែរ ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយកើនដល់១៣១នាក់ ខណៈនៅសល់អ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាល៕ដោយ៖ធី លីថូ

To Top
×