ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុ ឲ្យជនបោកប្រាស់ យកលុយពលរដ្ឋ ធ្វើបុណ្យ៧ថ្ងៃឪពុកលោក មកសារភាព

ភ្នំពេញ ៖ ក្រោយមានជនបោកប្រាស់ ដើរយកលុយពីប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងខេត្តព្រះសីហនុ សម្រាប់យកទៅធ្វើបុណ្យ៧ថ្ងៃ ឲ្យលោកឪពុកស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានបដិសេធថា គ្មានរឿងនេះកើតឡើង ព្រោះលោកកំព្រាឪពុក តាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ។ លោកក៏បានឲ្យជនបោកប្រាស់នោះ មកសារភាពកំហុសគ្រប់បែបយ៉ាង។

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ៥ កក្កដា ថា មានជនម្នាក់ បានដើរបោកប្រាស់អាជីវករ រៃអង្គាសប្រាក់ យកទៅធ្វើបុណ្យ៧ថ្ងៃ ឲ្យឪពុកបង្កើតលោកស្នងការ នគរបាលខេត្តព្រះសីហនុ។

លោកថា “ខ្ញុំបាទជាកូនកំព្រាឪពុក តាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ។ ដូច្នេះសូមបងប្អូន និងអាជីវករក្នុងខេត្តយើង កុំចាញ់បោកជននេះបន្តទៀតទៅ”។

លោកថា សូមប្រកាសឲ្យជនម្នាក់នោះមកសារភាព នៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុជាបន្ទាន់។ បើមិនដូច្នោះទេ លោកនឹងចាត់ចែង តាមនីតិវិធីហើយ៕

To Top