ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ដោយបានអះអាងថាចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ ។

ក្រសួងធនធានទឹកបានព្យាករណ៍ថាតាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថាខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។

នៅថ្ងៃទី៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C

* សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅមធ្យម។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមាមានពី ២៥-២°C

* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅមធ្យម។

ជាមួយគ្នានេះក្រសួងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

To Top