ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ រាជរដ្ឋាភិបាល រឹតបន្ដឹងច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា រាជរដ្ឋាភិបាល រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មិនមែនដាក់បន្ទុក ទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតឡើយ ។

ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០ ២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ ជំងឺកូវីដ-១៩ យើងដាក់បន្ទុក ទៅលើប្រជាពលរដ្ឋទៀត តាមរយៈ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយមានការផាកពិន័យ យ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹងដើម្បីយក លុយប្រជាពលរដ្ឋ» ។

សម្ដេចក្រឡាហោម បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជំងឺ កូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩នៅកម្ពុជា ចំនួន១៤១នាក់ នឹងមិន ទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ឡើយ។ក៏ប៉ុន្ដែងាកមកមើលគ្រោះចរាចរណ៍វិញ មានអ្នកស្លាប់ ជារៀងរាល់ថ្ងៃ ដូច្នេះ អ្នករិះគន់ បញ្ហារឹតបន្ដឹងច្បាប់ ចរាចរណ៍ គ្រាន់តែលេស និងធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឲ្យប្រជាជន ស្លាប់បន្ដទៀត ។

សម្ដេចក្រឡាហោម បន្ថែមថា អ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មី មិនឲ្យតម្លៃប្រជាពលរដ្ឋ និងមិនពិចារណាដោយត្រឹមត្រូវ។

សម្ដេចក្រឡាហោមបន្ដថា គោលបំណង នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍សព្វថ្ងៃ ដើម្បីការពារ ទ្រព្យសម្បត្តិ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋ ចូលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនផាកពិន័យឡើយ ជាពិសេស ពេលវេលាផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ប្រសិនបើរាជរដ្ឋាភិ បាលបន្ថយច្បាប់ចរាចរណ៍ផ្លូវគោក មានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន។ ដូច្នេះទើបរាជរដ្ឋាភិ បាល បានរឹតបន្ដឹងចរាចរណ៍បែបនេះ ដើម្បីឲ្យបណ្ដាប្រទេសជាមិត្តកោតសសើរកម្ពុជា»។

សូមជម្រាបថា យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យ លេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានចពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។

បន្ថែមពីនេះ ការអនុវត្តបង់ប្រាក់ពិន័យ តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ ពិន័យចំនួន១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០% ៕

To Top