ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ស្នើទូតកូរ៉េជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីទាក់ទាញវិនិយោគបន្ថែម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឲ្យទូតកូរ៉េ ប្រចាំកម្ពុជាជួយ ផ្សព្វផ្សាយពីកម្ពុជា ទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេស សម្រាប់វិស័យកែច្នៃ កសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត។ នេះបើយោងតាមគេហទំព័រហ្វេ សប៊ុក របស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត កូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា «ស្នើសុំឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយ ពីបរិយកាសវិនិយោគ ដ៏ល្អប្រសើររបស់កម្ពុជា ទៅដល់ វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសសម្រាប់វិស័យកែច្នៃកសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត»។

លោកបន្ដថា ដើម្បីផ្សារភ្ជាប់ ជាមួយនឹងខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់និងពិភពលោក ក៏ដូចជា វិនិយោគ លើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យដែល កូរ៉េមានសក្ដានុពលខ្ពស់។

រដ្ឋមន្ដ្រីពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជានៅ តែបន្តគាំទ្រ អង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិក ជាប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ឱ្យទទួលបាន ភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោក៕

To Top