ព័ត៌មានជាតិ

វិភាគ ៖ ច្បាប់សន្តិសុខជាតិថ្មី ធ្វើអោយពលរដ្ឋហុងកុង ប្រយ័ត្នប្រយែងសំណេរ និងសម្តី តាមបណ្តាញសង្គម

បច្ចុប្បន្នភាព

ចាប់តាំងពីលោក ស៊ី ជីនពីង ប្រធានាធិបតី របស់ប្រទេសចិន បានចុះហត្ថលេខា លើច្បាប់សន្តិសុខជាតិថ្មី និងបានដាក់ច្បាប់នេះ អោយចូលជាធរ សម្រាប់ប្រជាពលរដ្ឋ នៅទីក្រុងហុងកុង អនុវត្តកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅទីក្រុងនេះ បានប្រយ័ត្នប្រយែងយ៉ាងខ្លាំង ចំពោះសំណេរ ឬពាក្យសម្តីតាមប្រព័ន្ធបណ្តាញសង្គម ។

ច្បាប់សន្តិសុខជាតិថ្មី បានចូលជាធរមាន រយៈពេលជាងមួយសប្តាហ៍ហើយ គិតត្រឹមថ្ងៃអង្គារ ទី៧ ខែកក្កដានេះ ហើយប្រជាពលរដ្ឋហុងកុងមួយចំនួន បានលុបសំណេរ ឬសម្តីតាមប្រព័ន្ធ បណ្តាញសង្គមដូចជា Facebook, Twitter, Telegram និង WhatsApp ជាដើម ដើម្បីកុំអោយជាប់ការសង្ស័យ ពីបទរំលោភច្បាប់ សន្តិសុខជាតិថ្មីនេះ ។

ប្រជាពលរដ្ឋហុងកុងខ្លះ បានលុបចោលគណនីចាស់ របស់ខ្លួនក្នុងបណ្តាញសង្គមចោលតែម្តង និងបង្កើតគណនីថ្មី ដោយមានការប្រយ័ត្នប្រយែង ចំពោះសំណេរ និងពាក្យសម្តីមុននឹងផ្សព្វផ្សាយ ដោយបារម្ភពីការជាប់អន្ទាក់ របស់កងកម្លាំងមានសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់សន្តិសុខជាតិថ្មី ដែលមើលខុស ត្រូវដោយរដ្ឋាភិបាលចិន ។

ច្បាប់សន្តិសុខជាតិថ្មី ត្រូវបានចែង៤ចំណុចសំខាន់ ទី១ការប្រយុទ្ធប្រឆាំងនឹងចលនាបះបោរ ឬសកម្មភាពអបគមន៍ ទី២ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ទី៣ការបង្ក្រាបសកម្មភាពវិទ្ធង្សនា និងទី៤ការបង្ក្រាបលើសកម្មភាពឃុបឃិតជាមួយកម្លាំងបរទេសណាមួយក្នុងគោលដៅបង្កអសន្តិសុខនៅក្នុងទីក្រុងនេះ ។

ចាប់ពីថ្ងៃចូលជាធរមានទៅ ប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយ ហ៊ានបំពានលើខ្លឹមសារទាំង៤ចំណុចក្នុងច្បាប់សន្តិសុខជាតិថ្មីនេះ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ក៏ជាប់ពន្ធនាគាររយៈ៣ឆ្នាំដែរ ប្រសិនបើក្រុមអាជ្ញាធរទីក្រុងហុងកុង រកឃើញថា បុគ្គលនោះ ឬក្រុមនោះ ពិតជាបានរំលោភច្បាប់សន្តិសុខជាតិនេះមែន ។

ស្របពេលដែលច្បាប់សន្តិសុខជាតិថ្មីនេះ ចូលជាធរមាន រដ្ឋាភិបាលចិនក៏បានបង្កើតអោយមានអង្គភាព ពិសេសមួយស្ថិតនៅក្រោមការបញ្ជា ដោយផ្ទាល់ ពីទីក្រុងប៉េកាំង ដើម្បីតាមដាន ស៊ើបអង្កេត និងឃ្លាំមើលគ្រប់សកម្មភាពទាំងអស់ នៃការគោរពច្បាប់នេះ ពីសំណាក់មេដឹកនាំ និងប្រជាពលរដ្ឋនៅទីក្រុងហុងកុង ហើយប្រសិនបើមានករណីល្មើសណាមួយ អង្គភាពនេះ នឹងចាត់វិធានការជាបន្ទាន់ ។

មន្ត្រីរដ្ឋាភិបាលចិន បាននិយាយថា ច្បាប់ថ្មីនេះ នឹងធានាបាននូវការការពារស្ថិរភាព អធិបតេយ្យភាព និងសន្តិសុខ នៅលើទឹកដីចិនទាំងមូល និងជាការបិទបញ្ចប់ផងដែរ នូវសកម្មភាពបាតុកម្មហិង្សា ការបំផ្លិចបំផ្លាញ ភាពអនាធិបតេយ្យ និងសកម្មភាពល្មើសផ្សេងៗ ដែលប្រព្រឹត្តឡើង ដោយក្រុមប្រឆាំងនៅទីក្រុងនេះ ។

ឥទ្ធិពលនៃច្បាប់សន្តិសុខជាតិ បានបំភ័យប្រជាពលរដ្ឋហុងកុង ឲ្យឈប់និយាយអ្វីប៉ះពាល់ដល់ការ ដឹកនាំរបស់ប្រទេសចិន និងកំពុងតែហុចលទ្ធផលផ្លែផ្កា អោយរដ្ឋាភិបាលចិនផងដែរ ដោយពលរដ្ឋហុងកុង ទាំងសកម្មជនប្រឆាំងចេញមុខ និងទាំងអ្នកមិនចេញមុខ ហាក់ដូចជាមិនហ៊ានបំបានច្បាប់ សន្តិសុខជាតិថ្មីនេះទេ ។

នៅលើបណ្តាញ Telegram អ្នកចាត់ចែងក្រុមជជែកគ្នាជាច្រើន បានផ្ញើសារទៅប្រាប់សមាជិកដ៏ទៃឲ្យប្រុងប្រយ័ត្នចំពោះសំណេរ ឬពាក្យសំដីរបស់ខ្លួន និងពិនិត្យមើល ឬអោយបានច្បាស់លាស់ មុននឹងសរសេរ ឬនិយាយ ដែលអ្នកខ្លះបានសម្រេចលុបក្រុមជជែក Telegram ចោលតែម្តង។

គួររំលឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គណៈមេធាវីនៅទីក្រុងហុងកុង បានចេញលិខិតមួយដោយសម្តែងការព្រួយបារម្ភពីខ្លឹមសារធំទូលាយជ្រុលនៃច្បាប់ស្តីពីសន្តិសុខជាតិថ្មី ដែលនឹងធ្វើឲ្យពលរដ្ឋហុងកុង មានការខ្លបខ្លាចលែងហ៊ានបញ្ចេញមតិតាមបណ្តាញសង្គម ព្រោះខ្លាចគេអាចយកទៅបកស្រាយចាប់កំហុសដាក់ទោសបានយ៉ាងងាយ ។

ដើមចមនាំអោយកើតរឿង

លោក Gordon Lam សកម្មជនគាំទ្រប្រជាធិបតេយ្យ នៅទីក្រុងហុងកុង បាននិយាយថា ដើមចមដែលនាំអោយរដ្ឋាភិបាលចិន បានដាក់ច្បាប់សន្តិសុខជាតិថ្មី អោយពលរដ្ឋទីក្រុងហុងកុងអនុវត្ត គឺដោយសារប្រជាពលរដ្ឋ នៅទីក្រុងនេះ គាំទ្រក្រុមប្រជាធិបតេយ្យកាន់តែច្រើន និងអាចកាន់កាប់ទីក្រុង ពាក់កណ្តាលស្វយ័តនេះ ទាំងស្រុងនៅពេលខាងមុខ ។

ច្បាប់ថ្មីនេះ ហាក់ដូចជាចូលទៅកាច់បំបាក់ឆ្អឹងខ្នងរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ និងជាដំបងវាយសំពងឥតឈប់ឈរនូវការបញ្ចេញមតិយោបល់ ឬសំណេរតាមប្រព័ន្ធបណ្តាញសង្គម ដែលធ្វើអោយចលនាប្រជាធិបតេយ្យនៅទីក្រុងនេះ ធ្លាក់ចុះទន់ខ្សោយជាលំដាប់ និងអាចរលាយសាបសូន្យនៅពេលខាងមុខ ។

សន្និដ្ឋាន៖ តើអាចមានបាតុកម្មទៀតទេ ខណៈច្បាប់សន្តិសុខជាតិមានសុពលភាព?

ក្បួនបាតុកម្មរបស់ក្រុមប្រជា បាតុករនៅទីក្រុងហុងកុង អាចនឹងមាននៅពេលខាងមុខ ដោយមិនអាចបិទបានទាំងស្រុងនោះទេ ប៉ុន្តែក្បួនបាតុកម្មនោះ ទំនងជាមិនធំដុំ ឬមិនមានទ្រង់ទ្រាយធំដូចកាលពីចុងឆ្នាំ២០១៩នោះទេ គឺអាចមានក្បួនបាតុកម្មតូចតាច ហើយក្រុមបាតុករក៏មានការភ័យខ្លាចណាស់ដែរ បើហ៊ានចូលរួមធ្វើបាតុកម្ម ។

ផលប៉ះពាល់

ច្បាប់សន្តិសុខជាតិថ្មីនេះ កំពុងធ្វើអោយប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋហុងកុង ប៉ុន្តែទោះបីជាប៉ះពាល់ក៏ដោយ ក៏រដ្ឋាភិបាលចិនមិនដកច្បាប់នេះវិញដែរ ហើយក្រុមណាមួយ ឬជនណាមួយ ដែលហ៊ានចេញមុខប្រឆាំង ឬធ្វើបំពានច្បាប់នេះ ក្រុមនោះ ឬជននោះ នឹងចៀសមិនផុតពីការទទួលទោសទេ ៕

ដោយ ៖ អ៊ិន ជិន

To Top