ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាភិបាល CREA អបអរសាទរ ចំពោះការចុះបញ្ជី ទទួលស្គាល់ សមាគម​ អចលនទ្រព្យ សកល ពីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសគាំទ្រ និងអបអរសាទរ ដល់សមាគម អចលនទ្រព្យ សកល (GRA) ដែលត្រូវបាន ចុះបញ្ជីទទួលស្គាល់ ជាផ្លូវការ ដោយក្រសួងមហាផ្ទៃ ។

ក្រោយពីឃើញសមទ្ធផលថ្មី សម្រាប់វិស័យ​ អចលនទ្រព្យ នៅកម្ពុជា រីកចម្រើនទៅមុខ ជាបន្តបន្ទាប់ បែបនេះ លោក ឃាង ពុទ្ធី មានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យរីកចម្រើន លើគ្រប់វិស័យ ជាពិសេស វិស័យអចលនទ្រព្យផ្ទាល់ ទាំងក្រុមហ៊ុន និងសមាគមជាច្រើន បើកដំណើរការ ។

ដោយសារប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ និងបើកជំហរទីផ្សារសេរី អាចបើកក្រុមហ៊ុន សមាគម រកស៊ីអ្វីៗបាន យ៉ាងទូលំទូលាយ មានលក្ខណៈប្រជាធិបតេយ្យ ទាំងគណបក្សនយោបាយ សមាគម ក្រុមហ៊ុន អង្គការសង្គមស៊ីវិល ត្រូវបានស្វាគមន៍ទាំងអស់ ពីរាជរដ្ឋាភិបាល ។

សមាគមជាកន្លែងបណ្តុំ របស់អ្នកជំនាញ និងកន្លែងសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះយោបល់គ្នា ទៅវិញទៅមក ដើម្បីឈានដល់ រកភាពរីកចម្រើន និងធ្វើអោយវិស័យ អចលនទ្រព្យ កាន់តែរីកចម្រើន ។

សូមរំលឹកថា ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះ សមាគម អចលនទ្រព្យសកល (GRA) ដែលមានលោក សំ សុខនឿន ជាប្រធានក្នុងបញ្ជី សមាគម នៅក្រសួងមហាផ្ទៃ ជាផ្លូវការហើយ ដែលមានអាសយដ្ឋាន ទីស្នាក់ការកណ្តាល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន ដូចបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ពណ៌សម្បុរ ភេទ ឬសាសនា ណាមួយឡើយ៕

To Top