ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានសម្រេចជួយឧបត្ថមថវិកា ១៤.៥០០ដុល្លារ ដល់និស្សិតខ្មែរ ២៩នាក់ ដើម្បីជួយសម្រួលបន្ទុកសម្រាប់ ការទិញសំបុត្រយន្តហោះ ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ ។
តាមរយៈលិខិតផ្ញើជូនលោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយស សមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន ចុះថ្ងៃទី៥ កក្កដា លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានមានប្រសាសន៍ថា លោកបានទទួលលិខិត របស់លោកប្រធានហើយ និងបានយល់ច្បាស់អំពី ស្ថានភាពរបស់និស្សិតកំពុងស្នាក់នៅ ប្រទេសចិន ក៏ដូចជានិស្សិតទើបបញ្ចប់ការ សិក្សានឹងតម្រូវឲ្យវិលត្រលប់ មកប្រទេសកម្ពុជាវិញ ដែលកំពុងប្រឈម នឹងបញ្ហាសំបុត្រយន្តហោះមានតម្លៃខ្ពស់ ក្នុងអំឡុងពេលការរាតត្បាត ពីជំងឺកូវីដ-១៩ ។
លោកឧកញ៉ាបញ្ជាក់ថា «លោកប្រធាន បានផ្តល់នូវតារាងរាយនាម ចុងក្រោយរបស់និស្សិតមានចំនួន ២៩នាក់ ដែលមានការខ្វះខាត កំពុងត្រូវការជំនួយផងដែរ។ ដូចនេះខ្ញុំសម្រេចជួយ ឧបត្ថម្ភដល់និស្សិត ២៩នាក់ ដែលក្នុង១នាក់ ចំនួន ៥០០ដុល្លារអាមេរិក សរុបទឹកប្រាក់ចំនួន ១៤.៥០០ដុល្លារអាមេរិក ដើម្បីជួយសម្រួលបន្ទុកដល់និស្សិត សម្រាប់ការទិញសំបុត្រយន្តហោះ ធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ» ។
ជាមួយគ្នានោះដែរលោកឧកញ៉ា ពុង ឃាវសែ ក៏បានជូនពរដល់និស្សិតខ្មែរទាំងអស់ ដែលកំពុងសិក្សានៅប្រទេសចិន ក៏ដូចជានិស្សិតដែលនឹងត្រឡប់មក ប្រទេសកម្ពុជាវិញ មានសុខភាពល្អ និងវិលត្រលប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព ៕