ព័ត៌មានជាតិ

វិភាគ: ចិនយកសណ្ឋាគារ នៅទីក្រុងហុងកុង បើកការិយាល័យ អង្គភាពឃ្លាំមើល ការអនុវត្តច្បាប់សន្តិសុខជាតិថ្មី


បច្ចុប្បន្នភាព
ក្នុងរយៈពេលជាងមួយសប្តាហ៍សោះ ក្រោយពីប្រធានាធិបតី របស់ប្រទេសចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខា ដាក់អោយចូលជាធរមាន នូវច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង រដ្ឋាភិបាលចិន បានយកសណ្ឋាគារ ម៉េត្រូផាក (Metropark) ធ្វើជាការិយាល័យអង្គភាព ឃ្លាំមើលការអនុវត្តច្បាប់នេះ នៅទីក្រុងហុងកុង ។

ការិយាល័យអង្គភាព ការពារសន្តិសុខជាតិចិន ត្រូវបានបើកសម្ពោធ កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដានេះ ដោយមានប្រធានការិយាល័យ លោស្រីប្រមុខដឹកនាំទីក្រុងហុងកុង រួមទាំងមន្ត្រីជាន់ខ្ពស់ ទាំងខាងរដ្ឋាភិបាលចិន និងខាងទីក្រុងហុងកុងចូលរួម ក្នុងពិធីបើកសម្ពោធនេះ ដោយមានការរឹតបន្តឹង សន្តិសុខយ៉ាងខ្លាំង ។

ការិយាល័យអង្គភាព ការពារសន្តិសុខជាតិចិន មានន័យថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសចិន ដែលអង្គភាពនេះ បានចាប់ផ្តើមប្រតិបត្តិការឃ្លាំមើល អង្កេត និងតាមដានមេដឹកនាំ និងប្រជាពលរដ្ឋនៅទីក្រុងហុងកុង ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានដាក់ អោយចូលជាធរមានកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ។

ការជ្រើសរើសយកសណ្ឋាគារ Metropark ជាការិយាល័យថ្មី របស់អង្គភាពការពារសន្តិសុខជាតិចិន គឺជាជម្រើសប្រកប ដោយយុទ្ធសាស្ត្រ ដោយសារសណ្ឋាគារនេះ មានទីតាំងស្ថិតនៅចំពីមុខឧទ្យាន Victoria ដែលជាកន្លែង របស់ក្រុមប្រជាបាតុករ គាំទ្រប្រជាធិបតេយ្យ ចេញទៅប្រមូលផ្តុំគ្នា ធ្វើបាតុកម្មប្រឆាំង ប្រមុខដឹកនាំហុងកុង ឬប្រឆាំងរដ្ឋាភិបាលចិន ដូចជាក្បួនបាតុកម្ម របស់ក្រុមបាតុករ កាលពីចុងឆ្នាំ២០១៩កន្លងមក ។

លោក Zhang Yanxiong ប្រធានការិយាល័យ អង្គភាពការពារសន្តិសុខជាតិចិន និងលោកស្រី Carrie Lam ប្រមុខដឹកនាំទីក្រុងហុងកុង បានប្រកាសប្រហាក់ប្រហែលគ្នាថា នេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ទីក្រុងហុងកុង ក្នុងការបោះជំហាន ចូលទៅក្នុងដំណាក់កាលថ្មី ដែលមានប្រព័ន្ធតុលាការ និងយន្តការធានាសន្តិសុខជាតិល្អបំផុត ។

ដើមចមនាំអោយកើតរឿង គឺដោយសារបេសកកម្ម របស់ការិយាល័យអង្គភាព ការពារសន្តិសុខជាតិចិន នៅទីក្រុងហុងកុង គឺមានគោលដៅត្រូវពិនិត្យ និងធានាអោយបាន នូវការអនុវត្តច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិន បានដាក់អោយមេដឹកនាំ និងប្រជាពលរដ្ឋនៅទីក្រុងនេះ អនុវត្តចាប់ពីសប្តាហ៍មុន ។

ការិយាល័យអង្គភាព ការពារសន្តិសុខជាតិចិន គឺជាទីបញ្ជាការដ្ឋាន របស់ភ្នាក់ងារចារកិច្ចចិន ដែលទទួលបន្ទុកអង្កេត និងតាមដានជនសង្ស័យ ដែលមាននិន្នាការគាំទ្រប្រជាធិបតេយ្យ និងប្រឆាំងរដ្ឋាភិបាលចិន ដោយផ្អែកទៅលើច្បាប់សន្តិសុខជាតិថ្មីជាមូលដ្ឋាន និងអាចដាក់បន្ទុក ទៅលើជនជាប់ចោទបានគ្រប់ពេល ។

ច្បាប់សន្តិសុខជាតិថ្មី ត្រូវបានចែង៤ចំណុចសំខាន់ ទី១ ការប្រយុទ្ធប្រឆាំងនឹងចលនាបះបោរ ឬសកម្មភាពអបគមន៍ ទី២ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ទី៣ ការបង្ក្រាបសកម្មភាពវិទ្ធង្សនា និងទី៤ការបង្ក្រាប លើសកម្មភាពឃុបឃិត ជាមួយកម្លាំងបរទេសណាមួយ ក្នុងគោលដៅបង្កអសន្តិសុខ នៅក្នុងទីក្រុងនេះ ។

ចាប់ពីថ្ងៃចូលជាធរមានទៅ ប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយ ហ៊ានបំពាន លើខ្លឹមសារទាំង៤ចំណុច ក្នុងច្បាប់សន្តិសុខជាតិថ្មីនេះ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ ក៏ជាប់ពន្ធនាគាររយៈ៣ឆ្នាំដែរ ប្រសិនបើក្រុមអាជ្ញាធរទីក្រុងហុងកុង រកឃើញថា បុគ្គលនោះ ឬក្រុមនោះ ពិតជាបានរំលោភច្បាប់ សន្តិសុខជាតិនេះមែន ។

សន្និដ្ឋាន៖ តើពលរដ្ឋហុងកុងប៉ុន្មាននាក់ហើយ ដែលជាប់ចោទក្រោមច្បាប់នេះ?
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដានេះ មានតែយុវជនហុងកុងម្នាក់គត់ ដែលត្រូវបានចោទប្រកាន់ ដោយផ្អែកលើច្បាប់ សន្តិសុខជាតិថ្មីនេះ ក្នុងចំណោមបក្សពួកយុវជន ១០នាក់ ដែលបានធ្វើសកម្មភាពបំពានលើច្បាប់ថ្មីនេះ ។

សូមរំលឹកជូនថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ យុវជនជាប់ចោទរូបនោះ បានជិះម៉ូតូទៅបំបុកក្រុមនគរបាលនៅទីក្រុងនេះ ដោយកាន់ទង់សរសេរពាក្យថា រំដោះហុងកុង និងបដិវត្តន៍សម្រាប់ទីក្រុងហុងកុង ។

ដោយផ្អែកលើច្បាប់សន្តិសុខជាតិថ្មី សកម្មភាពរបស់យុវជនជាប់ចោទនេះ ត្រូវបានចោទប្រកាន់ចំនួន ២ករណី គឺករណីទី១ ពីបទប្រព្រឹត្តអំពើភេរវកម្ម ដោយសារយុវជនជាប់ចោទនោះបានជិះម៉ូតូទៅបំបុកប៉ូលិស ។ ទី២ ត្រូវបានចោទប្រកាន់ ពីបទធ្វើសកម្មភាពអបគមន៍ ឬសកម្មភាពផ្តាច់ទឹកដី ដោយសារយុវជននោះ បានកាន់ទង់ ដែលសរសេរពាក្យថា រំដោះហុងកុង និងសរសេរថា បដិវត្តន៍សម្រាប់ទីក្រុងហុងកុង ។

ផលប៉ះពាល់
ចំពោះផលប៉ះពាល់វិញ លោកស្រី Carrie lam ប្រមុខទីក្រុងហុងកុង បានលើកឡើងថា ច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិន បានដាក់អោយទីក្រុងអនុវត្ត គឺមិនមានផលប៉ះពាល់អ្វីទេ តែផ្ទុយទៅវិញ ច្បាប់ថ្មីនេះ នឹងធ្វើអោយសន្តិសុខនៅទីក្រុងនេះមានស្ថិរភាព និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ ។

ប្រមុខដឹកនាំទីក្រុងហុងកុងរូបនេះ បានបន្តថា ពលរដ្ឋហុងកុង នៅមានសិទ្ធគ្រប់យ៉ាង ក្នុងការប្រកបមុខរបរ ឬការរស់នៅប្រចាំថ្ងៃ ដូចកាលពីមុន ដោយមិនមានការកៀបសង្កត់ ឬបិទសិទ្ធិសេរីភាពនោះទេ ៕
ដោយ៖ អ៊ី ជិន

To Top