ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ដោះស្រាយបញ្ចប់វិវាទដីធ្លី​ ជូនពលរដ្ឋបាន៣០ករណី

ភ្នំពេញ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអះអាងថា រហូតមកដល់ពេលនេះ បានដោះស្រាយបញ្ចប់វិវាទដីធ្លី ជូនប្រជាពលរដ្ឋចំនួន៣០ករណី លើពាក្យបណ្ដឹង សរុបចំនួន៤៦ករណី។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តរត្តនគិរី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកថង សាវុន បានថ្លែងថា “ឆ្នាំកន្លងទៅនេះ មានករណីបណ្ដឹងពាក់ព័ន្ធ អំពីបញ្ហាដីធ្លី ចំនួន៤៦ករណី និងបានសម្របសម្រួល បញ្ចប់៣០ករណី”។

លោកបញ្ជាក់ថា មន្ទីរដែនដីនគរូនីយកម្ម និងសំណង់ខេត្ត បានធ្វើការបែងចែក ក្រុមការងារ ចំនួនបីក្រុម ដើម្បីធ្វើការចុះវាស់វែង កំណត់ក្បាលដី ដើម្បីរៀបចំចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋផងដែរ។ ដោយជាក់ស្ដែង បានចេញវិញ្ញាបនបត្រ ចំនួន៦ភូមិ ស្មើនឹង៣៥៧២ បណ្ណ ,ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន៩ភូមិ ដោយបានចែកវិញ្ញាបនបត្រ ចំនួន១៩៣០បណ្ណ, វាស់វែងកំណត់ ព្រំដីបានចំនួន ១៣៣២ក្បាលដី បញ្ចប់ការបិទផ្សាយជាសាធារណៈ បានចំនួន ៨ភូមិ និងបានប្រមូលទិន្នន័យ បានចំនួន ៥៨៧៨ក្បាលដី។

ចំណែកចុះបញ្ជី ក្រុមវិនិយោគជាលក្ខណៈឯកជន លោកថា សម្រេចបានចំនួន១៩ក្រុមហ៊ុន , ចុះបញ្ជីសហគមន៍ ឲ្យជនជាតិភាគតិច បានចំនួន ១៧សហគមន៍។ បច្ចុប្បន្នខេត្ត ក៏បានកសាងប្លង់គោលសម្រាប់ ងាយស្រួល ក្នុងការប្រើប្រាស់ដីផងដែរ។

ជាមួយគ្នានោះ លោកបន្ថែមទៀតថា ខេត្តមាន ក្រុមហ៊ុនវិនិយោគ លើដីសម្បទានសេដ្ឋកិច្ច ដែលទទួលសិទ្ធិអនុញ្ញាត ពីរាជរដ្ឋាភិបាលចំនួន២៧ក្រុមហ៊ុន ដែលកំពុងអនុវត្តន៍ការងារដាំដុះ និងកំពុងប្រមូលផល បានច្រើនគួរឲ្យកត់ស្គាល់។

លោកថា ខេត្តក៏មាន រោងចក្រកែច្នៃកៅស៊ូក្រែប ចំនួន៧ទីតាំង (មានការអនុញ្ញាត ឲ្យផលិតចេញជាកៅស៊ូក្រែប) និងបាននាំចេញទៅលក់ នៅក្រៅប្រទេសផងដែរ។

ពាក់ព័ន្ធជាមួយការស្ដារសេដ្ឋកិច្ច ក្នុងខេត្តឡើងវិញ ក្រោយពីបានធ្លាក់ចុះមួយរយៈ ដោយសារកូវីដ១៩ នោះ លោកបញ្ជាក់ថា ខេត្តបានដាក់ចេញផែនការដូចជា ស្ដារលទ្ធភាព តាមរយៈការធ្វើសួនកសិគ្រួសារ (ការចិញ្ចឹមសត្វ ធ្វើបន្លែរ)ជាដើម)។

ក្នុងឱកាសនោះ ទាក់ទងវិស័យទេសចរណ៍វិញ លោក បញ្ជាក់ដែរថា កាលពីឆ្នាំ២០១៩ ខេត្តបានទទួលភ្ញៀវ ទេសចរសរុបចំនួន ២៣១.៨៧២នាក់ បើធៀបឆ្នាំ២០១៨ មានការកើនឡើង ចំនួន៤,៣៤ភាគរយ៕ ដោយ ៖ ធី លីថូ

To Top