ព័ត៌មានជាតិ

វិភាគ ៖ អង្គការ WHO បញ្ជូនអ្នកជំនាញ២នាក់ ទៅកាន់ប្រទេសចិន ដើម្បីរកប្រភព នាំអោយផ្ទុះឡើង វីរុសកូរ៉ូណាថ្មី

បច្ចុប្បន្នភាព

អង្គការ សុខភាពពិភពលោក WHO បានបញ្ជូនអ្នកជំនាញ ចំនួន២នាក់ អោយទៅកាន់ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ ដើម្បីស្រាវជ្រាវ រកប្រភពពិតប្រាកដ ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19នៅទីក្រុង អ៊ូហាន នៃខេត្ត ហ៊ូប៉ី ។

អ្នកជំនាញរបស់អង្គការ សុខភាពពិភពលោកទាំង២នាក់នោះ គឺម្នាក់ជាអ្នកជំនាញផ្នែកជំងឺឆ្លង និងម្នាក់ទៀតជាអ្នកជំនាញ ផ្នែកសុខភាពសត្វ ហើយអ្នកជំនាញទាំង២រូបនេះ នឹងចាប់ផ្តើម ស៊ើបអង្កេតជាផ្លូវការ និងដោយឯករាជ្យអំពីប្រភព ដែលនាំអោយកើតវីរុសនេះ ។

វីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19 ត្រូវបានក្រុមអាជ្ញាធរ សុខាភិបាលចិន ប្រកាសជាផ្លូវការចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ នៅទីក្រុង អ៊ូហាន មុនពេលវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងរាលដាល ពាសពេញពិភពលោក ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីការផ្ទុះឡើងវីរុសCovid-19 រហូតមកដល់បច្ចុប្បន្ននេះ មានការសន្និដ្ឋាន៣ ចំណុច នៃភពវីរុស Covid-19 គឺទី១ វីរុសនេះ អាចមានប្រភពពីសត្វពស់ លេបសត្វប្រចៀវ ទី២ អាចមានប្រភព ចេញ ពីសត្វប្រចៀវ និងទី៣ វីរុសនេះអាចមានប្រភពចេញ ពីការលេចធ្លាយមន្ទីរពិសោធន៍ ផ្នែកជីវសាស្ត្រ នៅក្នុងទីក្រុង អ៊ូហាន ។

នេះជាបេសកកម្មដ៏សំខាន់មួយ របស់អង្គការសុខភាពពិភពលោក ក្នុងការស្រាវជ្រាវ រកប្រភពនាំអោយផ្ទុះឡើងវីរុសCovid-19 ដែលមេដឹកនាំ និងប្រជាពលរដ្ឋ នៅជុំវិញពិភពលោក កំពុងចង់ដឹង ខណៈដែលការសន្និដ្ឋាន ៣ចំណុចខាងលើ មិនទានត្រូវបានស្រាយបំភ្លឺ អោយបានជាក់ច្បាស់ និងស្ថិតនៅក្នុងការសង្ស័យនៅឡើយ ។

ពាក់ព័ន្ធនឹងបេសកកម្ម ស្រាវជ្រាវដោយផ្ទាល់ រកប្រភពវីរុសនេះ អង្គការសុខភាពពិភពលោក បានស្នើសុំប្រទេសជាចិន ចាប់តាំងពីខែមីនាកន្លងទៅ ក្នុងការបញ្ជូនអ្នកជំនាញអោយទៅ ស្រាវជ្រាវនៅទីក្រុង អ៊ូហាន ប៉ុន្តែរដ្ឋាភិបាលចិន នៅស្ងៀមមិនឆ្លងតប ។

នេះជាលើកដំបូង ហើយសម្រាប់ប្រទេសចិន ដែលបានអនុញ្ញាត អោយក្រុមអ្នកជំនាញរបស់អង្គការ សុខភាពពិភពលោកធ្វើដំណើរ ទៅកាន់ទីតាំងផ្ទាល់ នៃការផ្ទុះឡើងវីរុសCovid-19ក្នុងបេសកកម្មស្រាវជ្រាវ រកប្រភពពិតប្រាកដ ។

លោក Andrew Bremberg តំណាងរបស់សហរដ្ឋអាមេរិកប្រចាំ នៅអង្គការ សហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ បានថ្លែងអបអរសាទរភ្លាមៗ ចំពោះការចាប់ផ្តើមបេសកកម្មស្រាវជ្រាវ របស់អ្នកជំនាញអង្គការ សុខភាពពិភពលោកនេះ ។

នេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក បានកោតសរសើរអង្គការ សុខភាពពិភពលោក និងប្រទេសចិន ចាប់តាំងពីមានការ ឆ្លងរាលដាលវីរុសCovid-19 ដែលកន្លងមក សហរដ្ឋអាមេរិក តែងតែស្តីបន្ទោសចិន ហើយថែមទាំងចោទប្រកាន់អង្គការ សុខភាពពិភព លោកថា ជាអាយ៉ងរបស់ប្រទេសចិន ថែមទៀតផង ។

តំណាងរដ្ឋាភិបាលអាមេរិករូបនេះ បាននិយាយថា ការស៊ើបអង្កេតនេះ គឺជាដំណាក់ការ ដ៏ចាំបាច់បំផុត ដើម្បីឈានទៅស្វែងយល់ឲ្យបានពេញលេញ និងដោយប្រត្យក្សភាព ស្តីពីដំណើរដើមទង នៃការផ្ទុះការឆ្លង រាលដាលវីរុស ដ៏គ្រោះថ្នាក់នេះ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ភាគីអាមេរិកលើកឡើងថា គេសង្ឃឹមថា អាជ្ញាធរចិននឹងបើកផ្លូវ ផ្តល់ការសហការឲ្យបានពេញ លេញទៅឲ្យអ្នកជំនាញ របស់អង្គការសុខភាពពិភពលោក ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយមាន បេសកកម្មស្រាវជ្រាវរកប្រភព ដើមកំណើនវីរុសCovid-19នេះ វាមិនមែនជារឿងសាមញ្ញនោះទេ ដោយសារតែមនុស្ស គ្រប់ស្រទាប់វណ្ណៈ រួមទាំងអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផងដែរ កំពុងឆ្ងល់ថាតើវីរុសCovid-19 ពិតជាឆ្លងពីសត្វមកមនុស្សមែន ឬយ៉ាងណា ? ដែលនេះជាចម្ងល់ជាសកល ។

ការស៊ើបអង្កេតស្រាវជ្រាវនេះ នឹងត្រូវចំណាយពេលយូរ ហើយវាអាស្រ័យថាតើភាគីចិន យល់ព្រមសហការ និងបើកផ្លូវកម្រិតណា ដើម្បីបញ្ជាក់ពីតម្លាភាព និងភាពស្មោះត្រង់របស់ខ្លួនពាក់ព័ន្ធ នឹងការផ្ទុះឡើង នៃវីរុសផ្លូវដង្ហើមមួយនេះ ។

សម្រាប់ដំណាក់កាលដំបូង អ្នកជំនាញទាំង២នាក់ របស់អង្គការសុខភាពពិភពលោក នឹងត្រូវទៅនិយាយជាមួយភាគីចិន ដើម្បីកំណត់ទីតាំង ត្រង់ណាខ្លះ ដែលនឹងត្រូវស៊ើបអង្កេត ឲ្យស៊ីជំរៅក្នុងដំណាក់កាលដំបូងនេះ ។

បន្ទាប់មកទៀត ដែលជាដំណាក់កាលបន្ទាប់ គឺគេនឹងបញ្ជូនអ្នកជំនាញ អន្តរជាតិច្រើននាក់តៀត ដើម្បីធ្វើការស្រាវជ្រាវ និងស្រង់យកសំណាកកោសិកា មេរោគនៅតាមទីតាំងទាំងនោះ ដែលទីតាំងទាំងនោះ គឺប្រាកដជាស្ថិតនៅក្នុងទីក្រុង អ៊ូហាន ដែលជាទីផ្សារលក់សត្វព្រៃ និងគ្រឿងសមុទ្រធំ ជាងគេនៅប្រទេសចិន ។

ប្រសិនបើបេសកកម្មស្រាវជ្រាវ របស់អ្នកជំនាញអង្គការ សុខភាពពិភពលោក បានទទួលជោគជ័យ បេសកកម្មនេះ នឹងទម្លាយចម្ងល់ទាំង ពាក់ព័ន្ធនឹងការផ្ទុះឡើង វីរុស Covid-19ទាំងនៅប្រទេសចិន និងនៅជុំវិញពិភពលោក ហើយនេះក៏ជាបទពិសោធន៍មួយថ្មីទៀតផងដែរ របស់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកជំងឺ ។

សន្និដ្ឋាន ៖ តើវីរុសCovid-19 ពិតជាឆ្លងពីសត្វ មកមនុស្សមែនទេ?

អ្នកជំនាញរបស់អង្គការ សុខភាពពិភពលោក ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិន គឺទៅស្រាវជ្រាវរកចម្លើយ ខាងលើនេះហើយ ហើយចម្លើយខាងលើនេះ អាចនឹងត្រូវបានឆ្លើយយ៉ាងក្បោះក្បាយ នៅពេលខាងមុខ ក្រោយពីស្រាវជ្រាវឃើញការពិត ។

លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា កម្មវត្ថុ នៃបេសកកម្មនេះ គឺធ្វើយ៉ាងណាស្វែង រកចម្លើយឲ្យច្បាស់ប្រាកដ ថាវីរុសCovid-19 ពិតជាបានឆ្លងមកមនុស្សតាមរយៈសត្វមែនឬយ៉ាងណា ហើយបើពិតមែន តើវាគឺជាសត្វអ្វី ។

កន្លងមក អ្នកជំនាញអន្តរជាតិ សឹងតែទាំងអស់ បានយល់ឃើញដូចគ្នាថា វីរុសCovid-19 បានឆ្លងចេញពីសត្វប្រចៀវ ដែលនេះដោយផ្អែក លើការពិនិត្យលើកោសិកា របស់មេរោគនេះតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកជំនាញសង្ស័យថា មេរោគនេះមិនមែនឆ្លងចេញពីប្រចៀវ មកមនុស្សដោយផ្ទាល់ទេ តែប្រហែលជាមាន សត្វអន្តរការីមួយទៀត ដែលនាំមេរោគនេះពីប្រចៀវមកចម្លងមនុស្ស ។

ផលប៉ះពាល់

ផលប៉ះពាល់ដែលកើតចេញពីវីរុស Covid-19 មានវិសាលភាពធំធេងណាស់ ដែលនៅពេលបច្ចុបន្ននេះ វីរុសនេះកំពុងឆ្លងរាលដាលខ្លាំង នៅសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសឈីលី ។

ផលប៉ះពាល់ខ្លាំងជាងគេ គឺកំណើនសេដ្ឋកិច្ចសកល ដោយវិស័យទេសចរណ៍សកល គឺ ជាគោលដៅប៉ះពាល់ធ្ងន់ធ្ងរ ជាងគេនៅជុំវិញពិភពលោក ហើយអាជីវកម្មពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ រាប់ពាន់អង្គភាព បានដួលរលំរួច ជាស្រេចទៅហើយ ៕
ដោយ ៖ អ៊ី ជិន

To Top