ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ថា ថវិកាផ្ដល់ជូនពលរដ្ឋក្រីក្រ មិនមែនយកពីសហគមន៍អឺរ៉ុបឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅបុគ្គលមួយចំនួនថា ថវិកាដែលរាជរដ្ឋាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ មិនមែនថវិកា យកពីសហគមន៍អឺរ៉ុបឡើយ ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ក្រោយពីលោក រ័ត្ន សុធី រស់នៅបន្ទាយមានជ័យ លើកឡើងថា រាជរដ្ឋាភិបាលយកជំនួយ ពីសហគមន៍អឺរ៉ុប មកផ្ដល់ជូន ពលរដ្ឋក្រីក្រ។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី «ឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺ កូវីដ-១៩»។

ក្នុងពិធីចុះបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវ ជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាល ជាមួយប្រជាកសិករ ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមផ្តាំទៅលោក រ័ត្ន សុធី នៅខេត្តបន្ទាយមានជ័យ លោកបាននិយាយថា ការផ្តល់លុយឲ្យប្រជាពលរដ្ឋ ដោយយកជំនួយ របស់សហគមន៍អឺរ៉ុប។ ខ្ញុំប្រាប់ទៅ សុធី ឯងថា សំណាងហើយ ខ្ញុំមិនបានបញ្ជាឲ្យចាប់ ។ បើថ្ងៃហ្នឹង ខ្ញុំបញ្ជាឲ្យចាប់ពេលនេះ លោកនៅក្នុងគុកហើយ។ លោកបានព័ត៌មានពី ណាថា ខ្ញុំយកលុយរបស់សហគមន៍អឺរ៉ុប ទៅបើកឲ្យប្រជាពលរដ្ឋ ក្នុងមួយខែ២៥លានដុល្លារ»។

សម្ដេចតេជោ ផ្ដាំផ្ញើទៅលោក រ័ត្ន សុធីថា លោកឯង និយាយនៅកន្លែងណា ក៏សម្ដេចដឹងដែរ។ រាជរដ្ឋាភិបាល អត់ទាន់ប្រើប្រាស់ថវិកាបរទេសមួយ សេន ដើម្បីដោះស្រាយ កិច្ចការសង្គមរបស់ ប្រជាពលរដ្ឋទេ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងា ចំពោះការបរិច្ចាគ ទឹកប្រាក់ពីប្រាក់ខែមន្ដ្រីរាជការ មានទំហំទឹកប្រាក់ជាង ១០លានដុល្លារ ហើយ។ ដូច្នេះ លោក រត័្ន សុធី និយាយអ្វីត្រូវដឹងឲ្យ ច្បាស់ចាំនិយាយ ។

សម្ដេចតេជោបន្ដថា កម្ពុជាមិនទាន់ខ្វះសាច់ប្រាក់ ។

សម្តេចតេជោ បញ្ជាក់ថា «សូមស្តាប់ឲ្យបានកុំលេងជាមួយ ហ៊ុន សែន ឲ្យសោះរឿងអស់នេះ។ អាហ្នឹងឈ្មោះ រ័ត្ន សុធី អាហ្នឹងរឿងយូរហើយ និងច្រើនដង ហើយ ប៉ុន្តែវាចេះតែភ្លេចខ្លួន ពេលខ្លះវារត់ទៅថៃ តែឥឡូវត្រូវដឹងថា ថៃគេធ្វើដល់របងដែកលួសទៀតត្រូវចាំ»។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោបានរំលឹកថា តើមាន អ្នករកយុត្តិធម៌ជូនសម្តេចនៅ? ចំពោះការវាយប្រហារ ដោយស្លាប់បងប្អូនសម្តេច កាលពេល កន្លងមកនេះ?។

សម្ដចតេជោ មានប្រសាសន៍បន្ថែមថា «អ្នកណាបានស្វែងរកយុត្តិធម៌សម្រាប់ខ្ញុំ ពេលគេបាញ់ប្អូនខ្ញុំស្លាប់ម្នាក់ ប្អូនថ្លៃម្នាក់ នៅកណ្តាលក្រុងភ្នំពេញ ឆ្នាំ១៩៩៦ ហើយឆ្នាំ៩៨ គេបាញ់ខ្ញុំ៤គ្រាប់បេ ប៉ុន្តែ ផ្ទុះ១គ្រាប់ ស្លាប់ប្រជាពលរដ្ឋម្នាក់ កូនក្មេងម្នាក់ និងរបួសម្នាក់ តើអ្នកណាខ្វល់ខ្វាយរកយុត្តិធម៌ឲ្យខ្ញុំ? ឬអាងថា ជីវិត នាយករដ្ឋមន្ត្រី មិនមានតម្លៃ បានជាមិនរកយុត្តិធម៌?»។

សម្ដេចតេជោ បញ្ជាក់ថា អ្នកចង់ដាក់គ្រាប់មីន ឬគ្រាប់បែក ទៅដាក់មុនឲ្យហើយ ព្រោះសម្ដេចទៅ ស្រុកព្រៃកប្បាយ ខេត្តតាកែវ នៅថ្ងៃទី២១ កក្កដា ខាងមុខនេះ។

សម្តេចតេជោ ឌឺទៅអ្នកប៉ុងធ្វើអាក្រក់មកលើសម្តេចថា «ថាបើទុកនៅអាមួយហ្នឹង អញកាន់អំណាច មិនបាន។ អីចឹងទាល់តែដាក់មីនកម្ចាត់វាចោល ដូចជានៅឆ្នាំ១៩៩៨ គេបាញ់បេ៤៤ ចំនួន៤គ្រាប់ តែសំណាងវាផ្ទុះតែ១គ្រាប់មកត្រូវឡាន កុំអីរកឆ្អឹងមិនឃើញ»៕ ដោយ
អេង ប៊ូឆេង

To Top