ព័ត៌មានជាតិ

មន្រ្តីជំនាញខេត្តស្វាយរៀង រកឃើញសារធាតុគីមី ដាក់ក្នុងងៀតបបែល និងពពុះសណ្តែក ចំនួន៦៥kg នៅផ្សារវាលយន្ត

ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០នេះ បានរកឃើញសារធាតុគីមី ដាក់ក្នុងងៀតបបែល និងពពុះសណ្តែក៦៥គីឡូក្រាម នៅផ្សាយវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ការរកឃើញនេះ បន្ទាប់ពីលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ក្នុងគោលបំណង ស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើ បន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។

លោក ផឹង និល បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារវាលយន្តនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញ និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអាហារចំនួន៤០គំរូ ដើម្បីស្វែង រកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។ ជាលទ្ធផលក្រោយពីការអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញ សារធាតុគីមី(borax )ដាក់ក្នុងងៀតបបែល៣០គីឡូក្រាមនិងពពុះសណ្តែក៣៥គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការ ដុតកម្ទេចចោលនៅពេលក្រោយ»។

លោកផឹង និលបានបន្តថាក្រោយពីចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត រួចមកមន្ត្រីជំនាញបាននាំបន្លែ សាច់ជាច្រើនមុខបន្ថែមទៀតមកធ្វើតេស្តនៅមន្ទីរពិសោធន៍ខ្នាតតូច សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដើម្បីពិនិត្យឲ្យបានជាក់លាក់បន្ថែមទៀត។

លោក ផឹង និល បានបញ្ជាក់ទៀតថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត នឹងបន្តចុះពិនិត្យមុខទំនិញ ឲ្យបានដូចភ្លៀងរលឹម ដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគប៉ះពាល់ដល់សុខភាព និងស្នើឲ្យអាជីវករចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទនៅតាមទីផ្សារក្នុងខេត្តផងដែរ៕

To Top