ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំដល់នគរបាល ត្រូវក្កាប់សភាពការណ៍ឲ្យបាន ចំពោះការប៉ុនប៉ង បង្កចលាចលសង្គម ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ

ភ្នំពេញ ៖ ក្នុងឱកាសឈប់សម្រាក រយៈពេល៥ថ្ងៃ នាពេលខាងមុននេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កង កម្លាំងនគរបាលជាតិទាំងអស់ ត្រូវបង្កើនការក្តាប់ សភាពការណ៍ពាក់ព័ន្ធសន្តិសុខឲ្យបាន ជាពិសេស សកម្មភាពភេរវកម្ម ការប៉ុនប៉ង បង្កចលាចលសង្គម និងល្មើសផ្សេងៗ ដើម្បីចាត់វិធានការមានប្រសិទ្ធភាពខ្ពស់ ។

យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា «ត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ ពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេស សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ប្រភេទ ឧបាយកល សកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាព ល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានត្រូវជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ឲ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ ដោយប្រើប្រាស់គ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពមុន មិនទុកឲ្យមុខសញ្ញាមានឱកាស ធ្វើសកម្មភាពបង្កអសន្តិសុខ ឬគ្រោះថ្នាក់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ផ្ទាំងពាណិជ្ជកម្ម

ជាងនេះទៅទៀត កងកម្លាំងនគរបាល ត្រូវបង្កើនវិធានការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាគោលដៅ កម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ ជាពិសេសត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាពដាច់ខាត ថ្វាយព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូលៗ និងឥស្សរជនជាន់ខ្ពស់របស់ជាតិ ដែលយាង និងអញ្ជើញធ្វើដំណើរកម្សាន្ត និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនាឱកាសនេះ។

ទន្ទឹមគ្នានេះ ត្រូវយកចិត្ត ទុកដាក់យាមកាម ល្បាតការពារផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលចាកចេញទៅជួបជុំសាច់ញាតិ នៅឯស្រុកកំណើត ឬទៅកម្សាន្តនៅទីឆ្ងាយទាំងគ្រួសារ។

សូមរំលឹកថានាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃ ឈប់សម្រាកការងារ របស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវ បានលើកដោយអនុក្រឹត្យលេខ៥០ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល៕ ដោយ ៖ អេង ប៊ូឆេង

To Top