ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពរស់នៅ អតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច នៅតំបន់ផ្ទះ ៤០០ខ្នង នៅស្រុករមាសហែក

ស្វាយរៀង៖លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ខែកក្កថាបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច នៅតំបន់ផ្ទះ ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៩២០ម៉ែត្រ ដើម្បីបង្កភាពស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាលោកស្រីកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ជូនបងប្អូនអតីតយុទ្ធជនទាំងអស់ និងបានសម្ដែងនូវក្ដីរីករាយដោយបានមើលឃើញបងប្អូនអតីតយុទ្ធដែលទទួលបានដី និងផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីរួចហើយ បានមករស់នៅ ព្រមទាំងខិតខំក្នុងការបង្កបង្កើនផល ដាំដុះដំណាំ និងប្រកបមុខរបរផ្សេងៗនៅក្នុងតំបន់នេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោក ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ បានយកចិត្តទុកដាក់បំផុត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនអតីតយុទ្ធជន និងគ្រួសារ តាមរយៈការផ្ដល់ជូនដី និងផ្ទះ ។ ទន្ទឹមនេះ សម្ដេចក៏តែងតែក្រើនរំលឹកជាប្រចាំតាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែជួយគាំទ្រដល់បងប្អូនក្នុងការរស់នៅឲ្យបានល្អប្រសើរ យ៉ាងដូច្នេះហើយ ទើបនាពេលកន្លង ក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះជាប់ជានិច្ចជួយគាំទ្រដល់បងប្អូនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អណ្ដូងទឹក បង្គន់អនាម័យ ហើយជាក់ស្ដែងនៅថ្ងៃនេះ រដ្ឋបាលខេត្ត ក៏បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.៩២០ម៉ែត្រ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត និងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនធ្វើដំណើរនៅក្នុងតំបន់នេះ ហើយនឹងបន្តស្ថាបនាបន្ថែមទៀតនៅថ្ងៃខាងមុខ ។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឲ្យបងប្អូនបន្តខិតខំបង្កបង្កើនផល ដាំដំណាំ ដើមឈើហូបផ្លែ និងចិញ្ចឹមសត្វបន្ថែមទៀតដើម្បីបង្កើនជីវភាពគ្រួសារ និងអញ្ជើញមករស់នៅឲ្យបានជាប់លាប់ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារកុំឲ្យមានឆ្លងមេរោគ កូវីដ-១៩ ចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំណែនាំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដោយឡែកអាជ្ញាធរស្រុក ឃុំ ភូមិ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវខិតខំការពារសន្តិសុខសុវត្ថិភាពនៅតំបន់នេះ ព្រមទាំងត្រូវយកចិត្តទុកដាក់ពិនិត្យ និងដោះសា្រយនូវបញ្ហានានា ជាពិសេសក្នុងកិច្ចការផ្ដល់សេវាតម្រូវការ របស់បងប្អូនឲ្យបានល្អប្រសើរ ហើយមន្ទីរ-អង្គភាពទាំងអស់ត្រូវចុះជួយឧបត្ថម្ភដល់បងប្អូនបន្តទៀតតាមការចាត់តាំងរបស់រដ្ឋបាលខេត្តកន្លងមក ៕

To Top