ព័ត៌មានជាតិ

ទោះជាកាលៈទេសៈ លំបាកយ៉ាងណាក៏ដោយ កម្ពុជា-ចិន មិនបោះបង់ចោលគ្នា ក្នុងគ្រាមានអាសន្ន

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ លេខាធិការប្រចាំការ ក្រសួងការពារជាតិ បាន បញ្ជាក់ថា ទោះបីជាក្នុងកាលៈទេសៈ លំបាក យ៉ាងណា ក៏ដោយ ក៏កម្ពុជា-ចិន ជាមិត្តល្អមិនបោះបង់ ចោលគ្នាក្នុងគ្រាមានអាសន្ន។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ នាង ផាត ក្នុងឱកាស បានផ្តល់បទសម្ភាសន៍ដល់ភ្នាក់ងារ សារព័ត៌មានទូរទស្សន៍ CCTN របស់ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមការផ្សព្វផ្សាយ របស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។

ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មានចិន នាយឧត្តមសេនីយ៍ នាង ផាត បានដឹងថា ជំងឺកូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវមួយ ដែលកំពុងរាតត្បាតជាសកល ហើយបានឆក់យក អាយុជីវិតមនុស្សរាប់សែននាក់ និងឆ្លងរាលដាលរាប់លាននាក់ ព្រមទាំងរុញច្រាន សេដ្ឋកិច្ចពិភពលោក ឲ្យធ្លាក់ក្នុងវិបត្តិយ៉ាងជ្រៅ ដែលមិនធ្លាប់មានពីមុនមក។ ដោយឡែក ក្នុងគ្រាកំពុងកើតមានវិបត្តិដ៏អាក្រក់នេះ កម្ពុជាមានមិត្តដែកថែប ដូចជាមហាមិត្តចិន ដែលពាក្យស្លោក បានពោលថា «មិត្តដែលល្អ គឺចេះជួយគ្នាក្នុងគ្រាលំបាក»។

នាយឧត្តមសេនីយ៍ នាង ផាត បន្តថា ជាការសម្តែង នូវការយកចិត្តទុកដាក់ចំពោះមិត្តចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរទស្សនកិច្ចជាបន្ទាន់ ទៅកាន់សាធារណរដ្ឋ ប្រជាមានិតចិន ខណៈចិនកំពុងប្រឈម នឹងការផ្ទុះឡើងជំងឺ កូវីដ-១៩ ។

លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះ សរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់គឺ “ទោះជាកាលៈទេសៈ លំបាកយ៉ាងណាក៏ដោយ មិត្តល្អមិនបោះបង់គ្នា ក្នុងគ្រាអាសន្ន។ ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បាន រំឮកថា នៅក្នុងជំនួបតាមរយៈ Video Conference រវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក វ៉េ ហ្វ៊ុងហឺ រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសចិន បានបញ្ជាក់ពីចំណងទំនាក់ទំ នងកិច្ចសហប្រតិបត្តិការ និងការជួយ ឧបត្ថម្ភគ្នាទៅវិញទៅមក រវាងក្រសួងការ ពារជាតិនៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺ កូវីដ-១៩ ដែលជាកង្វល់រួមក្នុងតំបន់ និងសកលលោក”។

លោកនាង ផាត បានគូសបញ្ជាក់ទៀតថា តាមរយៈ មិត្តភាពដែកលថែបនេះ រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន បានផ្តល់ជំនួយឥតសំណង សម្ភារៈសុខាភិបាល និងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញ មកជួយបង្ហាត់បង្រៀន ដល់ក្រុមគ្រូពេទ្យជំនាញកម្ពុជា ក្នុងការការពារ ទប់ស្កាត់ និងព្យាបាលជំងឺ កូវីដ-១៩ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ បានបញ្ជូន សម្ភារៈបរិក្ខារប្រឆាំងនឹងជំងឺ កូវីដ-១៩ ជូនដល់កម្ពុជា ចំនួន៤លើក គិតជាថវិកា មានតម្លៃរាប់លានដុល្លារអាមេរិក៕

To Top