ភ្នំពេញ ៖ លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការចាត់ចែងកិច្ចការចាំបាច់នានា នៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចនូវគោលបំណង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក លេង វី បានថ្លែងថា ថ្នាក់ដឹកនាំនៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចងចាំនូវនិយមន័យ និងខ្លឹមសារ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងបរិកាលនៃការអនុវត្តនយោបាយកំណែទម្រង់ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា។
លោកបានបញ្ជាក់ថា នយោបាយកំណែនេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ ហើយមានលក្ខណៈស្មុគស្មាញ និងជាបញ្ហាសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ ក៏ដូចជាទាមទារឲ្យមានការខិតខំប្រឹងប្រែងអនុវត្ត ហេតុដូចនេះហើយទើបសម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងអប់រំនេះ។
ជាងនេះទៀត លោក លេង វី មានប្រសាសន៍ថា «សូមក្រើនរំលឹកដល់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថា ក្នុងនាមក្រុមប្រឹក្សា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ ខ្ពស់ក្នុងការចាត់ចែង កិច្ចការចាំបាច់នានា នៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត និងជំរុញឲ្យមានចីរភាព ដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ព្រមទាំងបំពេញមុខងារ ភារកិច្ចរបស់ខ្លួនឲ្យបានស្របតាមច្បាប់ នីតិវិធីផ្សេងៗ»។
សូមបញ្ជាក់ថា ការរៀបចំវគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ហើយវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ខែ សីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕




