ព័ត៌មានជាតិ

សម្ដេច ស ខេង បញ្ជានាយឧត្តមសេនីយ៍ នេត សាវឿន ពិនិត្យករណី ស្នងការនគរបាល ខេត្តកំពង់ធំ

ភ្នំពេញ ៖ ក្រោយមានការស្នើសុំ ពីក្រុមនគរបាលនារី នៅខេត្តកំពង់ធំរួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីពាក់ព័ន្ធមួយចំនួន ពិនិត្យរឿងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានបៀតបៀន កេរ្តិ៍ខ្មាស់ទៅលើពួកគេ។

យោងតាមលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង របស់តំណាងនគបាលនារី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា «នាងខ្ញុំជាមន្ដ្រី នគរបាលនារី នៃស្នងការដ្ឋានខេត្តកំពង់ធំ (ជនរងគ្រោះ) សូមគោរពរាយការណ៍ និង សូមសម្ដេចក្រឡាហោម ស ខេង មេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំ ជាជនរងគ្រោះ ដោយសារប្រព្រឹត្តអំពើ ពុំគប្បីមកលើនាងខ្ញុំ ជាស្ដ្រីមានភាពទន់ខ្សោយពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែល ជាស្នងការនគរបាលខេត្តកំពង់ធំ»។

ក្នុងលិខិតដដែលរៀបរាប់ថា «នៅអំឡុងឆ្នាំ២០១៨-២០១៩ ពួកនាងខ្ញុំមួយចំនួនត្រូវបានលោក ឧត្តម សេនីយ៍ទោ អ៊ុក កុសល ហៅពួកនាងខ្ញុំឲ្យទៅជួបគាត់ នៅក្នុងបន្ទប់ធ្វើការរបស់គាត់ ដើម្បីសួរនាំកិច្ចការងារមួយចំនួន ។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ពួកនាងខ្ញុំ ក៏បានទៅជួបគាត់ម្នាក់ម្ដងៗ តាមការណាត់របស់គាត់។ ពេលចូលដល់ក្នុងបន្ទប់តែពីរ នាក់ លោកស្នងការក៏សួរនាំថា ពាក់ស័ក្ដិ៍ប៉ុន្មាន? ហើយ មុខតំណែងជាអ្វីសព្វថ្ងៃ? ហើយចង់បានមុខតំណែង ឬឡើងស័ក្តិ៍អត់? បើចង់បានចាំបងជួយ ព្រោះបង ជាស្នងការ និងជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឲ្យតែអូនព្រមស្រលាញ់បង ។ ម្យ៉ាងទៀត បើអូនព្រមស្រលាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបង គ្មានមេជីវិតបង្កកំណើតទេ។ ពេលលឺ ពាក្យសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជា កូនចៅ» ។

ក្រោយបញ្ចប់ពិធី ប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំបានទទួលព័ត៌មាននេះ ហើយក៏បញ្ជូនទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ឯកឧត្តម រដ្ឋលេខាធិការ ចាន់ អ៊ាន ក៏ដូចជា អភិបាលខេត្តកំពង់ធំ ដើម្បីពិនិត្យករណីនេះ ។ ប៉ុន្ដែព័ត៌មានជាបឋម ទាក់ទងបញ្ហានឹង គឺមិនមែនថ្មីទេ រឿងយូរហើយ»។

សម្ដេចក្រឡាហោម បន្ដថា «ហើយរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេច ដោះស្រាយយ៉ាងម៉េច នៅឡើយ រងចាំក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានធ្វើលិខិត ព្រមានស្នងការនគរបាលខេត្តកំពង់ធំរួច ម្ដងហើយ ។ក្រោយពីការព្រមានហើយ សម្ដេច ក៏បានឲ្យសន្យាថា បើមិនកែប្រែទ នឹងឈានទៅមួយជំហានទៀត គឺការដកតំណែង ឬចាត់វិធានការ រដ្ឋបាលណាមួយធ្ងន់ជាងនេះ៕

To Top