ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងថា ចាប់ពីថ្ងៃទី១២-១៨ ខែសីហា នឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែសីហា ឆ្នាំ ២០២០ ។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹង ខ្យល់មូសុងនិរតីខ្សោយ ។ ព្យុះចំនួន០២ បាននឹងកំពុងកើតមាន ក្នុងនោះព្យុះទី ៥ ឈ្មោះ យ៉ាងមី (JANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។

ស្ថានភាពបែបនេះធ្វើឲ្យ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។

ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។ បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមាន ព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។

ក្រសួងក៏សូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេស នៅតំបន់វាលទំនាបកណ្តាល៕

To Top