ព័ត៌មានជាតិ

ក្រុមមន្ដ្រីនគរបាលនាំគ្នាតវ៉ា ចំពោះការតែងតាំងលោក ឡុង ដារ៉ាវិឆ័យ ជាមេបញ្ជាការ កងអន្ដរាគមន៍ពិសេស នៃស្នងការនគរបាល រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមមន្ដ្រីនគរបាល កងអន្ដរាគមន៍ពិសេស នៃស្នងការនគរបាលរាជធានីភ្នំពេញ បាននាំគ្នាផ្ដិតមេដៃប្ដឹង ទៅកាន់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការតវ៉ាចំពោះការតែងតាំង លោកវរសនីយ៍ត្រី ឡុង ដារ៉ាវិឆ័យ ជាមេបញ្ជាការ កងអន្ដរាគមន៍ពិសេសថ្មី។

យោងតាមលិខិត របស់ក្រុមមន្ដ្រីនគរបាល កងអន្ដរាគមន៍ពិសេស ដែលបែកធ្លាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «យើងខ្ញុំដែលកំពុងបម្រើការ ក្នុងកងអន្ដរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការតវ៉ា ចំពោះការតែងតាំង លោកវរសនីយ៍ត្រី ឡុង ដារ៉ាវិឆ័យ អត្តលេខ ៧៧១១៦ ឋានៈនាយរ ង ការិយាយល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជា ដែលត្រូវតែងតាំងជា មេបញ្ជាការកងអន្ដរាគមន៍»។

លិខិតដដែលបន្ដថា «យើងខ្ញុំសូមតវ៉ា ចំពោះការតែងតាំងនេះ ដោយហេតុថា លោកវរសេនីយ៍ត្រី ឡុង ដារ៉ាវិឆ័យ គឺជាកូនធម៌របស់ លោកវរសេនីយ៍ឯក ព្រំ ចាន់ណា ស្នងការរង និងជាមេបញ្ជាការ កងអន្ដរាគមន៍ពិសេស ហើយក្នុងពេលដែល លោកវរសេនីយ៍ឯក ព្រំ ចាន់ណា ដឹកនាំ យើងខ្ញុំជាមន្ដ្រីនគរបាល ក្នុងកងអន្ដរាគមន៍ពិសេស មានភាពអសកម្មយ៉ាងខ្លាំងដូចជា ជេរប្រទេចយើងខ្ញុំ ជាមន្ដ្រីក្រោមឱវាទ ដោយពាក្យអសុរោះបំផុត។ ជាពិសេស លោក ព្រំ ចាន់ណា បានលាក់កម្លាំង ដើម្បីទទួលផលប្រយោជន៍ ផ្ទាល់ខ្លួន កម្លាំងជាក់ស្ដែង១៦០នាក់ ប៉ុន្ដែមានមុខមកប្រើការងារតែ ១០០នាក់ ប៉ុណ្ណោះ រីឯកម្លាំងដែលមិនមកបម្រើការ បានបង់ប្រាក់ប្រចាំខែជូន លោក ព្រំ ចាន់ណា។ ចំណែកប្រាក់ឧបត្ថម្ភ ដែលអគ្គស្នងការនគរបាលជាតិផ្ដល់ជូន ដើម្បីឲ្យកម្លាំងហូបចុកប្រចាំថ្ងៃ លោក ព្រំ ចាន់ណា ពុំដែលចំណាយឲ្យយើងខ្ញុំហូបឡើយ សម្រាប់ការហូបបាយប្រចាំថ្ងៃ យើងខ្ញុំត្រូវ ចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់គ្នា»។

ក្រុមមន្ដ្រីនគរបាល ក្នុងកងអន្ដរាគមន៍ពិសេស បានស្នើឲ្យឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យមើលករណី មិនប្រក្រតីនេះផង៕ ដោយ៖អេង ប៊ូឆេង

To Top
×