ព័ត៌មានជាតិ

ក្រសួងធនធានទឹកបញ្ជាក់ថា កត្តាដែលនាំឲ្យទឹកទន្លេមេគង្គទាប គឺមានការពាក់ព័ន្ធ យ៉ាងជិតស្និត ជាមួយបាតុភូត អែលនីណូ

ភ្នំពេញ៖លោកចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹក​​ និងឧតុនិយម បានអះអាងថា កត្តាដែលនាំឲ្យ ទឹកទន្លេមេគង្គនិងបឹងទន្លេសាបទាប គឺបណ្ដាលមកពី មានការពាក់ព័ន្ធ យ៉ាងជិតស្និត ជាមួយបាតុភូតអែលនីណូ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពរបបជលសាស្រ្ត ក្នុងអាងទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកចាន់ យុត្ថា បានលើកឡើងថា នៅខែសីហា ឆ្នាំ២០២០ បាតុភូតធម្មជាតិ (ព្យុះ ប្រព័ន្ធសម្ពាធទាប)បានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យកើតមានភ្លៀវធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀងតំបន់ ទន្លេមេគង្គ។

លោកបញ្ជាក់ថា ក្នុងរយៈពេល១០ថ្ងៃកន្លងមក ទឹកទន្លេមេគង្គនិងទន្លេសាប បានហក់ឡើងខ្ពស់គួរឲ្យមានការកត់សម្គាល់ (ចាប់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ)។

លោកបន្ថែមថា បច្ចុប្បន្ននេះ បាតុភូតព្យុះ បាននិងកំពុងកើតមាន ជាពិសេសព្យុះទី៦មេកាឡា ដែលនឹងធ្វើដមណើរទៅកាន់ ភាគខាងកើតនៃប្រទេសចិន ហើយមួយផ្នែកនៃព្យុះអាចមានឥទ្ធិពលលើ បាសាំងរបស់មេគង្គ ដែលអាចធ្វើឲ្យមានភ្លៀវធ្លាក់បន្ថែមទៀតផងដែរ។

លោកថា “ចឹងជាសរុបមកវិញ ខ្ញុំចង់បញ្ជាក់ជូនថា កត្តាដែលនាំឲ្យទឹកទន្លេមេគង្គ ទាប ក៏ដូចជាទឹក នៅក្នុងបឹងទន្លេសាបទាបគឺ មានការពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹង បាតុភូតអេឡេញ៉ូ ហើយបាតុភូតអែលនីណូនេះ ធ្វើឲ្យមានការប៉ះពាល់ ជាពិសេសរបបទឹកភ្លៀង មានភាពរាំងស្ងួត”។ ក្នុងឱកាសនោះ ដែរលោកបញ្ជាក់ថា ជំនន់នៅក្នុងរាជធានីភ្នំពេញមានបួនផ្នែក។

លោកបន្ថែមថា “ចឹងជំនន់របស់រាជធានីភ្នំពេញមានបីផ្នែក ទី១គឺជាជំនន់ទឹកភ្លៀង ដែលធ្លាក់នៅក្នុងរាជធានីភ្នំពេញ ទីពីរគឺជាជំនន់ដែលទន្លេមេគង្គ គំរាមកំហែង និងទី៣ជំនន់ស្ទឹកព្រែកត្នោត ដោយឡែកយើងឃើញជំនន់មួយទៀត ដែលតែងតែគំរាមកំហែងរាជធានីភ្នំពេញដែរ គឺជំនន់ព្រែកត្នោត ដែលមានបរិមាណទឹកមានរហូតទៅដល់ ១២.០០០ម៉ែត្រគូប”។

ជាមួយគ្នានោះ អ្នកនាំពាក្យ បានអះអាងថា ក្រសួង កំពុងធ្វើការដោះស្រាយ បញ្ហាគ្រោះទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញ ដោយរកវិធីទាញទឹកជំនន់ ចូលទៅស្រោចស្រព លើផ្ទៃដីស្រែជាង១ម៉ឺនហិកតា ហើយក្រសួង ក៏បាននិងកំពុងរៀបចំគម្រោងស្ដារ ស្ទឹងព្រែកត្នោតឡើងវិញ ដើម្បីជួយកាត់បន្ថយគ្រោះទឹកជំនន់ នៅក្នុងរាជធានីភ្នំពេញផងដែរ៕ដោយ៖ធី លីថូ

To Top