នយោបាយ

Full story: សម្ដេចតេជោ ព្រមានបន្ដចាប់ អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធបញ្ហារឿងព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ ៖ ចំពោះមុខមហាជន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានបន្តចាប់ អ្នកនិយាយបំភ្លៃការពិត ពាក់ព័ន្ធបញ្ហារឿងព្រំដែន កម្ពុជា-វៀតណាម ព្រោះថា រឿងព្រំដែនមិនមែនជា ការតស៊ូមតិឡើយ ប៉ុន្តែរឿងជាផ្លូវច្បាប់។

សូមជម្រាបថា លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចឃុំ ខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ។ ព្រមទាំងចាប់អ្នកពាក់ព័ន្ធមួយទៀត ក្រោយពួកគេទាមទារឲ្យអាជ្ញាធរដោះលែង លោក រ៉ុង ឈុន។

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅសង្កាត់ព្រែកតាសេក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃទី២៧ សីហា ខាងមុខនេះ សម្ដេច ទៀ បាញ់ ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ នឹងចុះចែកផែនទី ដល់ខេត្តជាប់ព្រំដែនជាមួយវៀតណាម។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមផ្ញើសារ (ទៅក្រុមប្រឆាំង) ចេញមកប៉ុន្មានចាប់ប៉ុណ្ណឹង រឿងទល់ដែន អត់ឲ្យមានរញ៉េរញ៉ៃ កុំថា រដ្ឋាភិបាល ហ៊ុន សែន ផ្ដាច់ការ ហើយនេះមិនមែនជាការតស៊ូមតិទេ ។ ខ្លះចេញមកថា នេះជាការតស៊ូមតិ អត់តស៊ូមតិទេ នេះជារឿងផ្លូវច្បាប់ សុទ្ធសាត ព្រោះនេះមិនមែនជា ការដែលត្រូវបញ្ចេញមតិឡើយ»។

ក្រោយពីក្រុមប្រឆាំងចាត់ទុករឿងព្រំដែន ជាការតស៊ូមតិ សម្ដេចតេជោ បកស្រាយវិញថា ការតស៊ូមតិ បានឆ្លងកាត់ការតស៊ូមតិក្នុងរដ្ឋសភាព នាពេលកន្លងទៅ ។ សម្ដេច រំលឹកថា កាលចាប់ លោក ហុង សុខហួរ និងលោក អុំ សំអាន ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ក៏ចាប់ក្នុងបទល្មើជាក់ស្ដែងដែរ ហើយអ្នកណានិយាយថា វៀតណាម បោះបង្កោលព្រំដែនចូលដីកម្ពុជា គឺត្រូវចាប់បទល្មើជា ក់ស្ដែង។

សម្ដេចតេជោ ចោទសួរក្រុមប្រឆាំងថា ស្នេហាជាតិអីតែខ្លួនឯង តើព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មិនមែនអ្នកស្នេហាជាតិទេអី? សម្ដេចថា បញ្ហាព្រំដែនមិនមែនលើមាត់ពួកក្រុមប្រឆាំង ឡើយ គឺនៅលើការចចាររវាង ប្រទេសនឹងប្រទេស ហើយត្រូវបានធានាដោយច្បាប់អន្ដរជាតិ មិនមែន ធានាដោយមាត់ពួកអ្នកឯងទេ។ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅពួកក្រុមប្រឆាំងថា ទោះបីគុកមានកន្លែងចង្អៀតពិតមែន ប៉ុន្ដែកន្លែងដាក់ពួកអ្នកឯងគ្មានបញ្ហាទេ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា តើអង្គការខុមហ្វ្រែល ក្រុមវិទ្យុបរទេស ផ្សាយជាខេមរភាសា និងអង្គការសិទ្ធិមនុស្សនានា ផ្សាយលទ្ធផ្សាយលទ្ធផលស្ទង់មតិលើការចាប់ខ្លួន លោក រ៉ុង ឈុន ដែរឬយ៉ាងណា?។ បើអង្គការខុមហ្វ្រែល វិទ្យុបរទេស ផ្សាយខេមរភាសា និងអង្គការ សិទ្ធិមនុស្ស ព្រមទាំងក្រុមប្រឆាំង មិនផ្សាយលទ្ធផលស្ទង់មតិនេះ គឺជា «តិរិច្ឆាន»៕

ដោយ ៖ អេង ប៊ូឆេង

To Top