ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេសជប៉ុន គឺបង្ហាញនូវសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការ ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា កិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹក ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០២០ថា នៅម៉ោងប្រមាណ ១០ព្រឹកថ្ងៃ២២ សីហា សម្តេចនឹងអញ្ជើញជួប លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។

សម្ដេចតេជោ បន្ដថា ក្រៅពីជំនួបជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជាពេលនេះ គឺជួយពង្រឹងនិងពង្រីកថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។

សម្ដេចតេជោ មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញ នូវសាមគ្គីភាពមិតត្តភាព ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ”។

សូមរំលឹកថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា៕

ដោយ៖ អេង ប៊ូឆេង

To Top