ព័ត៌មានជាតិ

ខេត្តស្វាយរៀងរយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរដើរលេងកំសាន្ត ជាង៦ពាន់នាក់

ស្វាយរៀង : ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតមានការឈប់សម្រាក សងថ្ងៃចូលឆ្នាំ វិស័យទេសចរណ៍ ទូទាំង២៥រាជធានី-ខេត្ត បានងើបឡើងគួរឱ្យកត់សម្គាល់។ ខេត្តស្វាយរៀង ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរផងដែរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ខែសីហា ខេត្តភាគខាងត្បូងមួយនេះ ទទួលបានភ្ញៀវទេសចរ៦១៩៤នាក់ ភ្ញៀវអន្តរជាតិចំនួន ០៤ ។

លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានដឹងថា ភ្ញៀវទេសចរដើរលេងកំសាន្ត ក្នុងនោះរមណីយដ្ឋាន ប្រាសាទបាសាក់ចំនួន ២,០៥៦ នាក់ (បរទេស ០៤នាក់ជនជាតិចិន) រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ ចំនួន ៤០២ នាក់ ស្ពានត្នោតចំនួន ១,៥១៣ នាក់រមណីយដ្ឋានទឹកវិល ចំនួន ៥៧ នាក់។

លោកបានបញ្ជាក់ថា ដោយឡែកភ្ញៀវទេសចរ ដែលចូលកម្សាន្តនៅតាម អាហារដ្ឋាន និងអាងហែលទឹក ក្នុងខេត្តស្វាយរៀងរយៈពេល៥ថ្ងៃ សរុបចំនួន ២,១៦៦ នាក់ រួមមានដូចជាអាហារដ្ឋាន និងអាងហែលទឹក គុជស្វាយព្រៃ ចំនួន ១,០៦២ នាក់ អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន ៤៦៥ នាក់ អាងហែលទឹករមណីយដ្ឋានធម្មជាតិ សរុបចំនួន ៦៣៩ នាក់ ។ សរុបរួម: ចំនួនភ្ញៀវមកកម្សាន្តក្នុងខេត្តស្វាយរៀង មានចំនួនសរុប ៦,១៩៤ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ០៤នាក់។

លោកបានបន្ថែមថា មន្ទីរពេទ្យខេត្តស្វាយរៀង បានសហការជាមួយ អាជ្ញាធរដែនដីចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ នៅតាមរមណីយដ្ឋានក្នុងខេត្ត ស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ និងបាន ចុះធ្វើការណែនាំបន្ថែមដល់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សេវាស្នាក់នៅ និងអាងហែលទឹក ពីវិធានសុវត្ថិភាពទេសចរណ៍ បានចំនួនសរុប ២៦ កន្លែង។ ហើយការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕

To Top