ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្សស្លាប់២១នាក់ ក្នុងឱកាស ឈប់សម្រាក៥ថ្ងៃ

ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃឈប់សម្រាកចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥១លើកដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ និងរង របួសចំនួន៧០នាក់ ។នេះបើអគ្គស្នងការដ្ឋាន នគរបាលជាតិ ។

ដោយឡែកការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ចគ្រប់គោលដៅបានធ្វើការត្រួតពិនិត្យយានយន្តទាំង នៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្តល្មើស និងធ្វើការផាកពិន័យសរុបចំនួន ៣.៨៩១គ្រឿង ក្នុងនោះ ម៉ូតូចំនួន ២.៨៨២គ្រឿង។

ក្នុងឱកាសថ្ងៃឈប់សម្រាក ចំនួន៥ថ្ងៃនេះដែរ មាន បទល្មើសកើតឡើង ចំនួន៥៨លើក ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន៥៤នាក់។ ចំណែក គ្រោះអគ្គិភ័យចំនួន៥លើក បណ្តាលឲ្យឆេះផ្ទះចំនួន៣ខ្នង សិប្បកម្មចំនួន១ និងឃ្លាំងចំនួន១។

ជាងនេះទៅទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា សភាពការណ៍ ក្នុងឱកាសឈប់ សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ មានលក្ខណៈល្អប្រសើរ នៅតាមកន្លែងកំសាន្ត រមណីយដ្ឋាន តំបន់ទេសចរណ៍ និងកម្មវិធីផ្សេងៗ រៀបចំឡើងដោយអាជ្ញាធរខេត្ត ឬជាលក្ខណៈគ្រួសារ បានប្រព្រឹត្តទៅ យ៉ាងអធិកអធមសប្បាយ រីករាយក្រោមកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ពីសំណាក់កងកម្លាំង នគរបាលជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់។

រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្រ្តីរាជការ កម្មករ និយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី១៧-២១ សីហា ដើម្បីសងថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ដោយ មូលហេតុ ទប់ស្កាត់ជំងឺកូវីដ-១៩។ ទោះបីយ៉ាងណា ក៏ដោយ ក្នុងឱកាសឈប់សម្រាក៥ថ្ងៃ សមត្ថកិច្ចបាន ដាក់ពង្រាយនៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ដោយ អេង ប៊ូឆេង

To Top