នយោបាយ

សម្ដេចតេជោ ៖ មេគង្គ-ឡានឆាង សុទ្ធតែជាប្រទេសផលិត ស្បៀង ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ជាមួយចិន មានសារសំខាន់ ក្នុងដំណាក់ កាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ ចំពោះមុខថ្នាក់នាំកំពូល មេគង្គ-ឡានឆាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មេគង្គ-ឡានឆាង សុទ្ធតែជាប្រទេស ផលិតស្បៀង ដូច្នេះ កិច្ចសហប្រតិបត្តិការ ជំរុញធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសផលិតស្បៀង នៅតាមបណ្ដាប្រទេស មេគង្គ-ឡានឆាង ជាមួយនឹងចិនពិត ជាមានសារៈសំខាន់ ក្នុងដំណាក់កាល ជំងឺកូវីដ-១៩ ។

ក្នុងកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ផលិតផលកសិកម្មរបស់ប្រទេស មេគង្គ-ឡានឆាង នឹងត្រូវនាំចូលទៅកាន់ប្រទេសចិន ជាបន្ដបន្ទាប់ នឹងមានកំណើនកាន់តែខ្ពស់ ផងដែរ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ដោយសារប្រទេស មេគង្គ-ឡានឆាង ទាំង៥ គឺសុទ្ធតែជាប្រទេស ផលិតស្បៀង ដូច្នេះ កិច្ចសហប្រតិបត្តិការ ក្នុងការជំរុញធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសដែលផលិត ស្បៀង នៅតាមបណ្ដាប្រទេសមេគង្គ ជាមួយនឹងចិន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណាក់ កាលនៃជំងឺកូវីដ-១៩ ដែលយើងមិនទាន់ដឹងថា ពេលណាត្រូវបញ្ចប់» ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងថា កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលឈរលើគោលការណ៍ស្នូលរបស់ខ្លួន បានធានា និងទ្រទ្រង់នូវចលនការ ជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ ទាំងក្នុងគ្រាមានសុខសន្ដិភាព ដ៏ដូចជាក្នុងគ្រាលំបាក ។ លើមូលដ្ឋាននេះ សម្ដេចតេជោ គូសរំលេចនូវចំណុចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ មានដូចខាងក្រោម ៖

ទី១-វឌ្ឍនភាពជារួម នៅក្នុងការអនុវត្តសេចក្ដីសម្រេច នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី២ និងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស មេគង្គ-ឡានឆាង លើកទី៤ និងទី៥ បាននាំមកនូវលទ្ធផលជាវិជ្ជមាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ដែលការលើកកម្ពស់ជំនឿទុកចិត្ត និងការយោគ-យល់គ្នាទៅវិញទៅមក រវាងប្រទេស ជាសមាជិក នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សាធារណរដ្ឋ-ប្រជាមានិតចិន ។

ទី២-ការអនុវត្តជាប់លាប់នូវ ផែនការសកម្មភាពរយៈពេល៥ឆ្នាំ ប្រកបដោយភាពជាក់ស្ដែងនិយម បានពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ក្នុងចំណោមបណ្ដាប្រទេសជាសមា ជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការពង្រឹងសសរស្ដម្ភសន្ដិភាព និងសន្ដិសុខ ព្រមទាំងការ លើកកម្ពស់ភាពសុខដុមរមនា និងវិបុលភាពរួមគ្នា នៅក្នុងអនុតំបន់នេះ ។

និងទី៣-ការស្រុះស្រួលមតិរួមគ្នា ក្នុងការរកដំណោះស្រាយពាក់ព័ន្ធនឹងប្រធានបទរសើបបំផុតនៃការ គ្រប់គ្រងទឹកឆ្លងដែន គឺជាជោគជ័យដ៏សំខាន់បំផុតមួយ ទៀត នៃកិច្ចសហប្រតិបត្តិការ ។

ពាក់ព័ន្ធនឹងអនាគត នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ព ស់ចំពោះចក្ខុវិស័យការងារ លោក លី កឺឈាង នាយករដ្ឋមន្ត្រីចិន និងគាំទ្រនូវសំណើររបស់សាធារណ រដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាព ចំនួន៤រួមមាន ៖ ទី១-ការតភ្ជាប់តាមរយៈការកសាងខ្សែ ក្រវាត់ អភិវឌ្ឍសេដ្ឋកិច្ច មេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី សមុទ្រអន្ដរជាតិថ្មី ,ទី២-កិច្ចហប្រតិបត្តិការធនធានទឹក ,ទី៣-ការអភិវឌ្ឍប្រកបដោយចរីភាពក្នុងវិស័យ កសិកម្ម និងបរិស្ថាន និងទី៤-ការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគ មន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួន ចំនួន៣ចំនុច ពាក់ព័ន្ធនឹងចក្ខុវិស័យនៃការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានដូចខាងក្រោម៖

ទី១-ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ ត្រូវខិតខំពនឿនការរៀបចំ និងការសម្រេចឱ្យបាន នូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសម្រាប់អនុតំបន់។

ទី២-អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងសានយ៉ា សម្តេចជឿជាក់ថានេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយ ដើម្បីធានា នូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ និងទី៣-ពាក់ព័ន្ធនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុត ក្នុងឆ្នាំ២០២០ ត្រូវបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំង នឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះ នឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិ ជាពិសេសគឺមិនបំផ្លាញ អនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង ។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយម ប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២បន្ថែមទៀត នៃសកម្មភាពរួម។ ជាមួយគ្នានេះដែរ សម្តេចតេជោ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិន ក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ៕ ដោយ ៖ អេង ប៊ូឆេង

To Top