ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ រំពឹងថា អូស្រ្តាលី នឹងបន្តសហការ ជាមួយកម្ពុជា ដើម្បីបង្ក្រាប បទល្មើសឧក្រិដ្ឋ កម្មឆ្លងដែន

ភ្នំពេញ ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានរំពឹងទុកថា អូស្រ្តាលី នឹងបន្តកិច្ចសហ ការជាមួយកម្ពុជា ដើម្បីបង្ការបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា អំពើជួញដូរគ្រឿងញៀន អំពើជួញដូរ មនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកអន្តោប្រវេសន៍។

ក្នុងជំនួបពិភាក្សាការជាមួយ លោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាល សហព័ន្ធអូស្រ្តាលី កាលពីថ្ងៃទី២ កញ្ញា លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា «សូមបង្ហាញក្តីរំពឹងយ៉ាង មុតមាំថា ក្នុងអាណត្តិថ្មីរបស់លោក ANTHONY MAGUIRE នឹងនៅតែបន្តកិច្ចសហប្រតិបត្តិល្អ ក្នុងការបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ដែលមានដូចជា អំពើជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់រូបភាព អំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្សជាដើម ដោយទទួលបានជោគជ័យជាបន្តបន្ទាប់»។

ជាមួយគ្នានេះ លោក ANTHONY MAGUIRE បានថ្លែងអំណរចំពោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក តាមរយ:កិច្ចសហប្រតិបត្តិការត្រីភាគី ដែលឲ្យឈ្មោះថា «Strikeforce Dragon» សំដៅបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិនៃប្រទេសទាំងពីរ។

ជាងនេះទៅទៀត អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្រ្តាលី តាមរយ:ស្ថានទូតអូស្រ្តាលី និងនគរបាលសហព័ន្ធអូស្រ្តាលី ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនានា ដល់មន្រ្តីអន្តោប្រវេសន៍កម្ពុជា នាបណ្តាឆ្នាំកន្លងមក ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ លើការងារអន្តោប្រវេសន៍៕

To Top