ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា បើកជើងហោះហើរ តែចំពោះ អ្នកធុរកិច្ចប៉ុណ្ណោះ

ភ្នំពេញ ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ បានអះអាងថា ក្នុងដំណាក់កាលបច្ចុប្បន្ននេះកម្ពុជា បើកជើងហោះហើរ តែចំពោះ អ្នកទេសចរ ធុរកិច្ច(អ្នករកស៊ី)សិន តែប៉ុណ្ណោះ មិនទាន់អនុញ្ញាតបើកឲ្យទេសចរ ទូទៅចូលមកកម្ពុជា ឡើយ។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសបិទជើងហោះហើរ នៅបណ្ដាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពវិស័យទេសចរណ៍ ក្នុងកំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ១៩ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ទិត ចន្ថា បានថ្លែងថា កម្ពុជាផ្ដល់អាទិភាព បើកជើងហោះហើរឡើងវិញ ចំពោះប្រទេសណា ដែលមានហានិភ័យ កូវីដ១៩ ដែលស្ថិតនៅកម្រិតទាប ដែលអាចគ្រប់គ្រងបាន។

លោកបន្តថា “ជាពិសេសដំបូងនេះ ដូចបានបញ្ជាក់អញ្ចឹង យើងបានអនុញ្ញាត ឲ្យមានជាប្រភេទទេសចរធុរកិច្ច គឺជាអ្នកមកធ្វើធុរកិច្ចនៅកម្ពុជាសិន។ចំពោះទេសចរនៃប្រភេទផ្សេងៗទៀត យើងនឹងបន្តធ្វើ នៅពេលខាងមុខទៀត នៅពេលដែល ស្ថានភាពអំណោយផល នៅពេលដែលយើងអាចថា កូវីដនេះគឺមានការថមថយ”។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបើកជើងហោះហើរ តែចំពោះ ភ្ញៀវទេសចរធុរកិច្ច (អ្នករកស៊ី) តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាល មិនទាន់អនុញ្ញាត ឲ្យភ្ញៀវទេសចរ ទូទៅចូលមកឡើយ ។

ក្នុងឱកាសនោះដែរ លោកបញ្ជាក់ថា ចំពោះ ឱកាសឈប់សម្រាកសងថ្ងៃ ឈប់សម្រាក បុណ្យចូលឆ្នាំ ខ្មែរកន្លងមក មានភ្ញៀវទេសចរ ក្នុងស្រុក ចំនួន១.៤ ៥០០០០នាក់ បានចេញដើរកំសាន្តតាមរមនីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានទេចរ អន្តរជាតិ (រស់នៅកម្ពុជា) ចំនួន១០ភាគរយ រកចំណូលចូលជាតិបានចំនួន ១០០លានដុល្លារ។

លោករដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ចំពោះការរីករាលដាលកូវីដ១៩ បានធ្វើឲ្យភ្ញៀវទេសចរ អន្តរជាតិ បានបាត់បង់ទាំងស្រុង ដោយសារ ការបិទជើងហោះហើរ ទៅកាន់បណ្ដាលប្រទេសនានា ។

ជាមួយគ្នានោះលោកបញ្ជាក់ទៀតថា ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ១៩ មានសណ្ឋាគារផ្ទះសំណាក់ប្រមាណជា៩០ភាគរយ បានបិទទ្វា។តែបច្ចុប្បន្នមានសណ្ឋាគារ ផ្ទះសំណាក់ ប្រមាណជា៣០ភាគរយ បានបើកដំណើរការឡើងវិញ ដោយសារតែសន្ទុះ ទេសចរណ៍ក្នុងស្រុកកើនឡើង។

លើសពីនេះទៀតលោកសង្ឃឹមថា ក្រោយចប់វិបត្តិកូវីដ១៩ កម្ពុជានឹងទទួល បានភ្ញៀវទេសចរ កើនឡើងវិញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរ ប្រមាណជា៦,៦លាននាក់ ទទួលបានចំណូលជាង ៤ពាន់លានដុល្លារ ៕ ដោយ៖ធី លីថូ

To Top