ព័ត៌មានជាតិ

ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បំភ្លឺ ពាក់ព័ន្ធករណីផ្ទុះអាវុធ ពេលចុះបង្រ្កាបគ្រឿងញៀន

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមធ្វើការបំភ្លឺ ជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបដូចខាងក្រោម៖

១-កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២៣.២០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចេញល្បាតតាមគោលដៅកំណត់ និងបានជួប ជនសង្ស័យចំនួន០២ នាក់ជិះម៉ូតូ០១គ្រឿង ដែលជាមុខសញ្ញាចាស់ធ្លាប់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងបង្កហិង្សា ដោយផ្ទុះអាវុធកាលអំឡុងឆ្នាំ២០១៦ ដែលបានរត់គេចខ្លួន។

២-អំឡុងពេលល្បាត លោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ នាយរងប៉ុស្តិ៍រដ្ឋបាលនិមិត្ត បានធ្វើការឃាត់ដំណើរជនសង្ស័យខាងលើដើម្បីសួរនាំ និងធ្វើការពិនិត្យ ប៉ុន្តែជនសង្ស័យទាំង០២នាក់មិនព្រមសហការ ថែមទាំងបានទូរស័ព្ទហៅបក្ខពួកចំនួន០២នាក់ផ្សេងទៀត ជិះម៉ូតូ០១គ្រឿងមកជួយអន្តរាគមន៍ និងបានឈានដល់ប្រព្រឹត្តអំពើហិង្សា ដោយជនទាំង០៤នាក់ដើរចូលមកប៉ុនប៉ងវាយលើលោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ ខណ:នោះ លោកអនុសេនីយ៏ទោ ប្ញទ្ធី ពិសិដ្ឋ បានដកកាំភ្លើងម៉ាកកា៥៩ លេខ.៣៣៦០ អាមេបំណងបាញ់ឡើងលើ ដើម្បីការពារខ្លួន និងបំបែកហ្វូងមុខសញ្ញានេះ ប៉ុន្តែចៃដន្យកាំភ្លើងរេលកៃផ្ទុះ០១គ្រាប់ ត្រូវចំខ្នងចំហៀងខាងឆ្វេងឈ្មោះ នាង មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្រុកមង្គលបូរី (ពុំមានគ្រោះថ្នាក់ដល់ជីវិតនោះទេ) ។ ដោយឡែក ជនសង្ស័យចំនួន០៣នាក់ទៀត បានរត់គេចខ្លួន ។ ក្រោយមកជំនាញបានកំណត់ មុខសញ្ញា និងបានកោះហៅជន ទាំង០៣នាក់នោះ មានឈ្មោះ កែម ឆៃយ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ឈ្មោះ ហួន រដ្ឋា ហៅ ខួច ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ម៉ាប់ នីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកធ្វើការសាកសួរ និងបានយកទឹកនោមទៅពិនិត្យរកសារធាតុញៀន លទ្ធផលគឺវិជ្ជមាន ។ អនុវត្តតាមមតិណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

៣-ដោយឡែក នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងលើករណី លោកអនុសេនីយ៍ទោ ប្ញទ្ធី ពិសិដ្ឋ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម នីតិវិធីច្បាប់ផងដែរ ។

៤-ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ យើងខ្ញុំសូមអំពាវនាវ ដល់មហាជនគ្រប់និន្នាការ សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃរឿងហេតុ ដោយពុំមានព័ត៌មានពេញលេញ ទុកអោយស្ថាប័ន មានសមត្ថកិច្ច ចាត់ការតាមនីតិវិធី ចៀសវាងការសន្និដ្ឋាន វាយតម្លៃនោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬស្ថាប័នអនុវត្តច្បាប់ និងអាចប្រឈមចំពោះមុខ ច្បាប់ជាធរមាន៕

To Top