ព័ត៌មានជាតិ

សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង នឹងបើកដំណើរ ការឡើងវិញ នៅអំឡុងខែកញ្ញា ដោយសិក្សា តាមបែបប្តូរវេន ស្របតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញរបស់ក្រសួង អញ្ជើញមកធ្វើទស្សនកិច្ច និងត្រួតពិនិត្យការរៀបចំ ការត្រៀមលក្ខណៈ បើកឱ្យដំណើរការឡើងវិញ របស់សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមលក្ខខណ្ឌ តម្រូវបច្ចេកទេស នៃការសិក្សា និងការបង្រៀន ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលា ប៊ែលធី អន្តរជាតិទី៦ (សាខាអូរឫស្សី) ។

លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានសេចក្តីណែនាំលេខ ៤៣អយក.សណន ស្តីពីការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ របស់ក្រសួងអប់រំ យុវជន និងកីឡារួចមក សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ទាំងអស់ បានរៀបចំ និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវគោលការប្រតិបត្តិស្តង់ដា (SOP) សម្រាប់ត្រៀមបើកដំណើរ ការសាលាឡើងវិញ នៅអំឡុងខែកញ្ញា ឆ្នាំ២០២០នេះ ធ្វើយ៉ាងណាធានាសុវត្ថិភាពអនាម័យខ្ពស់ និងការជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់អ្នកសិក្សា បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ។

គណៈគ្រប់គ្រង នៃសាលា ប៊ែលធី អន្ដរជាតិ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ដែលបានចំណាយ ពេលវេលាដ៏មមាញឹក និងមានតម្លៃ ក្នុងការអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាត្រួតពិនិត្យលើការរៀបចំការ អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការបើកឡើងវិញក្នុងដំណាក់កាលទី២ របស់សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ក្នុងវិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។

សូមជម្រាបជូនផងដែរថា សាលា ប៊ែលធី អន្តរជាតិ ក៏បានបង្កើត Mobile App ដែលបានបញ្ចូលវីដេអូមេរៀន សម្រាប់ឆ្នាំសិក្សាថ្មី ដោយបានរៀបចំ Studio និងប្រើ Interactive Tablet សម្រាប់ថតការបង្រៀន របស់លោកគ្រូ-អ្នកគ្រូគ្រប់មុខវិជ្ជា ទាំងថ្នាក់ចំណេះទូទៅ (ចាប់ពីថ្នាក់ទី១-១២) និងភាសាអង់គ្លេសទូទៅ (ចាប់ពី Preschool, Level 1 – 12) ដើម្បីទុកជូនសិស្សានុសិស្សស្រាវជ្រាវ និងរៀនសារឡើងវិញនៅផ្ទះ ដោយគ្រាន់តែទាញយកកម្មវិធីនេះ ដាក់លើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដោយចុចទៅលើតំណភ្ជាប់ (Link) http://onelink.to/e5593v រួចចុចលើពាក្យ “Get” ឬ “Install” ៕

To Top