ព័ត៌មានជាតិ

ប្រធាន គ.ជ.ប រំលឹកថា បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អចំពោះពលរដ្ឋ ខណៈកត្តាឈ្នះ-ចាញ់ នៅលើការដឹកនាំ

ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានក្រើនរំលឹកថា បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អចំពោះប្រជាពលរដ្ឋ ហើយកត្តាឈ្នះ-ចាញ់ នៅលើអំពើល្អ របស់ការដឹកនាំ ដែលឈានទៅរកការបោះឆ្នោត មិនមែនចេញមកពីការ លួចសន្លឹកឆ្នោត។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយការងារ បោះឆ្នោត ជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការ បោះឆ្នោត (ល.ខ.ប) ខេត្តកំពត និងខេត្តកែប កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក បានក្រើនរំលឹកថា «បើចង់ឈ្នះឆ្នោត គ្មានអ្វីក្រៅពីអំពើល្អដែលយើងធ្វើចំពោះគេទេ កត្តាឈ្នះចាញ់នៅ លើអំពើល្អរបស់ការដឹកនាំ ដែលឈានទៅរកការបោះឆ្នោត មិនមែនចេញមកពីការលួចសន្លឹកឆ្នោត ឬ ប្រឡិមប្រឡុំសន្លឹកឆ្នោតទេ»។

លោកបន្ដថា «ប្រជាពលរដ្ឋម្នាក់គូសលើសន្លឹកឆ្នោតបានតែមួយសន្លឹកទេ ដូចនេះយើងមិនអាចទៅប៉ះ ពាល់ការសម្ងាត់របស់គេទេ ព្រោះបទបញ្ជា និងនីតិវិធី បានចែងលម្អិតសម្រាប់ឲ្យប្រជាពលរដ្ឋទៅធ្វើ ជាម្ចាស់ឆ្នោតឲ្យបានត្រឹមត្រូវបំផុត តាមរយៈការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ»។

ឆ្លៀតឱកាសនោះដែរ ប្រធាន គ.ជ.ប ក៏បានអំពាវនាវឲ្យមានការសហការគ្នាល្អ ដើម្បីមានបញ្ជីបោះ ឆ្នោតប្រចាំឆ្នាំ ដែលមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។

លោកប្រធាន បានថ្លែងថា «ខ្ញុំមកស្វែងយល់គ្រប់លេខាធិការដ្ឋាន រាជធានី-ខេត្ត រៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់ឲ្យមន្ត្រីបោះឆ្នោតយល់ថា តួនាទីរបស់ខ្លួនត្រូវធ្វើអី ដើម្បីស្ថិរភាពស្រុកទេសក្រោយ ការបោះឆ្នោត។កុំភ្លេចណា៎! មួយជីវិតខ្ញុំ ខ្ញុំមិនដែលល្មើសច្បាប់ទេ!»៕

ដោយ ៖ អេង ប៊ូឆេង

To Top