ព័ត៌មានជាតិ

ឃាតកម្មដ៏សាហាវ សម្លាប់ម្តាយនិងកូន ជាថៅកែអេតចាយ នៅក្រុងបាត់ដំបង កាលពីឆ្នាំ២០១២ ត្រូវនគរបាលស្រុកវាលវែង ចាប់ខ្លួនបានហើយ!

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ខ្លួនបានតាមដីកាបង្គាប់ អោយចាប់ខ្លួន លេខ២៥៦ ដបកខ ចុះថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទឃាតកម្ម កាលពីថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០១២ តាមមាត្រាលេខ១៩៩ នៃច្បាប់ព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួច បានរត់មកសម្ងំលាក់ខ្លួន នៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធាង ឡេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ៧ ខែ កញ្ញានេះថា ជនសង្ស័យ ដែលសមត្ថកិច្ចរបស់លោកចាប់ខ្លួនបាន តាមដីកាបង្គាប់អោយចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបងនោះ មានឈ្មោះ ច្រាញ អឿម ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយបានមកសម្ងំលាក់ខ្លួន នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្តូរអត្តសញ្ញាណ ហើយត្រូវបានសមត្ថកិច្ច នគរបាលស្រុកវាលវែងស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបាន កាលពីវេលាម៉ោង៧៖៣៨នាទីព្រឹក ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២០នេះ។

លោកអធិការដដែល ក៏បានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំប្រគល់ទទួលអោយទៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យកទៅចាត់ការបន្តតាមនីតិវិធី៕

To Top