ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងទឹក វាយតម្លៃខ្ពស់ ចំពោះយោធិនចូលនិវត្តន៍ នូវការលះបង់សាច់ញាតិ ជាពិសេសអាយុជីវិត ដើម្បីបុព្វហេតុ កិច្ចការពារជាតិ សិទ្ធិសេរីភាព និងសេចក្ដីសុខប្រជាជនកម្ពុជា

ភ្នំពេញ ៖ នាយឧត្ដមនាវី ទៀ វិញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅអគារសាលាប្រជុំ បញ្ជាការដ្ឋាន កងទ័ពជើងទឹក បានសំដែង នូវការដឹងគុណដោយស្មោះ អស់ពីដួងចិត្ត ចំពោះស្នាដៃរបស់យោធិនចូលនិវត្តន៍ ដែលសម្រេចបាន អស់រយៈកាលកន្លងមក ចំពោះការលះបង់ក្រុមគ្រួសារ សាច់ញាតិ លះបង់អ្វីៗទាំងអស់ និងជាពិសេស ការលះបង់អាយុជីវិត ដើម្បីបុព្វហេតុកិច្ចការពារជាតិ សិទ្ធិសេរីភាព និងសេចក្ដីសុខសាន្ត របស់ប្រជាជនកម្ពុជា ។

ក្នុងរបាយការណ៍ លោកវរនាវីឯក ស្រី រិន នាយការិយាល័យបុគ្គលិក បញ្ជាការដ្ឋាន កងទ័ពជើងទឹក បានឡើង អានរបាយការណ៍ និងអានព្រះរាជក្រិត្យស្ដីពីការ តម្លើងឋានន្តរសក្ដិរួចមក គណៈអធិបតី បានអញ្ជើញបំពាក់ ឋានន្តរសក្ដិជូន យោធិនចូលនិវត្តន៍ ចំនួន២០នាក់ ឋានន្តរសក្ដិឧត្ដមនាវីឯក ៦នាក់ ឋានន្តរសក្ដិឧត្ដមនាវីទោ ៦នាក់ ឋានន្តរសក្ដិឧត្ដមនាវីត្រី ៨នាក់ ។

លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខ លម្ហសមុទ្រ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ កងទ័ពជើងទឹក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែង នូវក្ដីសោមនស្សនិងរីករាយ ពោរពេញទៅដោយ មនោសញ្ជតនា ជ្រាលជ្រៅ ចំពោះអស់លោក លោកស្រីទាំងអស់ និងសូមសំដែង នូវការដឹងគុណ ដោយស្មោះអស់ពីដួងចិត្ត ចំពោះស្នាដៃដែលអស់លោក លោកស្រី សម្រេចបាន អស់រយៈកាលកន្លងមក បានលះបង់ក្រុមគ្រួសារ សាច់ញាតិ លះបង់អ្វីៗទាំងអស់ និងជាពិសេស បងប្អូនបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុកិច្ចការពារជាតិ សិទ្ធិសេរីភាព និងសេចក្ដីសុខសាន្ត របស់ប្រជាជនកម្ពុជា ព្រមទាំងកិច្ចសហការ ការពារសុវត្តិភាព សន្តិសុខសង្គម ទទួលបានលទ្ធផល គួរជាទីមោទនៈ ។

ឆ្លៀតក្នុងឱកាស ដ៏វិសេសវិសាលនេះ លោកនាយឧត្ដមនាវី ទៀ វិញ ក៏បានសម្ដែងនូវការដឹងគុណ និងអរគុណជាអតិបរមា ចំពោះបងប្អូនដែលបាន ចូលរួម រួមសុខទុក្ខ បំពេញការងារជូនជាតិ ជាមួយនឹងសកម្មភាពរបស់ កងយោធពលខេមរភូមិន្ទ នូវគ្រប់សកម្មភាព ដែលកងយោធពល ខេមរភូមិន្ទ បានអនុវត្តដូច បានរៀបរាប់ខាងលើ ក្នុងនោះកងទ័ពជើងទឹក ក៏បានចូលរួមសកម្ម នៅក្នុងវិស័យជាច្រើន ដូចជាកិច្ចការពារ អធិបតេយ្យភាព បូរណភាពដែនដី ដែនអាកាស ដែនទឹក ដែនកោះ-ឆ្នេរ ទន្លេ រក្សាសន្តិសុខលម្ហសមុទ្រ ទប់ស្កាត់ បង្រាបបទល្មើសនានា ដែលបង្កអស្ថិរភាពសង្គម រួមទាំងកិច្ចការពារ ក្នុងភូមិសាស្រ្តពាក់ព័ន្ធ និងនៅតាមបណ្ដាតំបន់ ដែលស្ថិតនៅជាប់ព្រំដែនទឹក ដែលកងទ័ពជើងទឹកទទួលខុសត្រូវ។

លោកបានសង្កត់ធ្ងន់ដែរថា អស់លោក លោកស្រី ដែលត្រូវចូលនិវត្តន៍ ក៏បានចូលរួម ក្នុងកិច្ចការសង្រ្គោះ ប្រជាពលរដ្ឋ ដែលជួបនូវឧប្បទ្ទេវហេតុ គ្រោះធម្មជាតិ នាពេលកន្លងមក ។ ចំពោះអស់លោក លោកស្រី ដែលបានបញ្ចប់អាជីពជា កងយោធពលខេមរភូមិន្ទ ទៅជាជនស៊ីវិលហើយ ពេលវិលត្រឡបទៅ រស់នៅឯមូលដ្ឋាន ត្រូវបន្តអនុវត្តន៍សេចក្ដីថ្លៃថ្នូរ ដូចដែលបងប្អូនបានអនុវត្តន៍ នៅពេលដែលបងប្អូននៅជា កងយោធពលខេមរភូមិន្ទ ។

លោកមេបញ្ជាការ កងទ័ពជើងទឹក ក៏បានបន្ថែមថា ការសហការ និងសាមគ្គីទូលំទូលា ជាមួយអាជ្ញាធរមូលដ្ឋាន និងជាមួយប្រជាពលរដ្ឋ ត្រូវអប់រំដល់ក្រុមគ្រួសារ និងបងប្អូនសាច់ញាតិ រួមទាំងមិត្តភ័ក្ដ ជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតឡើងពីឆន្ទៈ របស់ប្រជាពលរដ្ឋ គឺមានតែ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់ ។

ក្នុងឱកាសនោះ លោកនាយកឧត្តមនាវី ទៀ វិញ បានពាំនាំ នូវអំណោយបន្តិចបន្តួច ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដូចជា ក្រមាមួយ ថវិកា ក្នុងមួយម្នាក់ៗ ២០ម៉ឺនរៀលផងដែរ៕

To Top