ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើអាជ្ញាធរ លើកទឹកចិត្តពលរដ្ឋដែល មិនបានរៀនសូត្រ ឲ្យមានឱកាសទទួលបាន ការសិក្សា តាមរយៈថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ

ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា បានស្នើអាជ្ញាធរ ត្រូវលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិ ក្សា ឲ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមរយៈថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ ជាពិសេស ត្រូវខិត ខំបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋឲ្យទទួលបានការសិក្សារៀនសូត្រ។

យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២០ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ដេចចតេជោ ស្នើឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការ ចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាព និងគុណភាព ពាក់ព័ន្ធនឹងការសិក្សាពេញ មួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

សម្ដេចតេជោ បន្ដថា ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ ត្រូវបង្កើតកម្ម វិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិតទាំងផ្នែក អក្ខរកម្ម ទាំងផ្នែកវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែប និងមាន ភាពទន់ភ្លន់ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា ទាំងសេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវ ការដល់ប្រជាពលរដ្ឋគ្រប់រូប។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តដាក់ចូលរួម គាំទ្រឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ មណ្ឌលសិក្សា និងជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមានឱកាសទទួលបានការរៀនសូត្រ ជាថ្មី តាមរយៈថ្នាក់រៀនអប់រំក្រៅប្រព័ន្ធតាមគ្រប់រូបភាព ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលជាជនមានពិការភាព ឲ្យទទួលបានសិក្សារៀនសូត្រ ប្រកបដោយសមភាព និងបរិយាបន្ន»។

បន្ថែមពីនេះ សម្ដេចតេជោ ឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមាន ៖ បណ្ដាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និងឯកជន ត្រូវជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីអានុភាពនៃការងារអក្ខរកម្មដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សា ពេញមួយជីវិត»៕

ដោយ ៖ អេង ប៊ូឆេង

To Top