ព័ត៌មានជាតិ

ការប្រមូលផ្ដុំកម្លាំងដ៏មហិមា ក្នុងការឈានទៅរកភាពរីកចម្រើន សំណេរអត្ថបទទី២របស់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

នាថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ លោក ម៉ៅ សេទុង ប្រធានាធិបតីចិន បានប្រកាសជាផ្លូវការ នូវការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅខ្លោងទ្វារធានអានមេន (Tian An Men) រដ្ឋធានីប៉េកាំង ប្រទេសចិន ហើយប្រជាជនចិន ក៏ចាប់ផ្តើមដំណើរថ្មី ក្នុងការកសាងប្រទេសជាតិ។ ក្រឡេកទៅមើលកាលពី ៧១ ឆ្នាំមុន ប្រជាជាតិចិន បានពុះពាររាល់ការលំបាកទាំងឡាយ ក្រោយពី ក្រោកឈរឡើង និងសម្បូរសប្បាយឡើង បានស្វាគមន៍ជាមួយ ភាពខ្លាំងក្លាឡើង ដែលជាដំណើរដ៏មហិមាបំផុត។

បច្ចុប្បន្ននេះ គឺជាយុគសម័យដែលប្រជាជនជាម្ចាស់ ប្រជាជនកម្លាំងពលកម្ម កំពុងតែបង្កើតសមិទ្ធផលថ្មីៗជាច្រើន ដែលជាភាពភ្ញាក់ផ្អើលដល់ពិភពលោក។ យើងនឹងរំឭកអំពីដំណើរឆ្លងកាត់ របស់សាធារណរដ្ឋប្រជាមានិតចិន និង អច្ឆរិយចិន នីមួយៗដែលបង្កើតឡើង ដោយប្រជាជនចិនដូចខាងក្រោមនេះ ដើម្បីស្វែងយល់អំពីអំណាច ដ៏អស្ចារ្យនៃប្រជាជាតិចិន ក្នុងដំណើរសម្រេចក្តីសុបិនរបស់ខ្លួន ប្រកបដោយភាពរុងរឿងរីកចម្រើន។

១.ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាដំណើរចាប់ផ្តើម ទៅកាន់ភាពរុងរឿង
ប្រជាជនចិនធ្លាប់បានដឹកនាំពិភពលោក ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍រយៈវែង នៅក្នុងប្រវត្តិសាស្ត្រ បង្កើតបានជាអរិយធម៌ចិនដ៏សែនជ្រាលជ្រៅ និង ទូលំទូលាយ។ អស់រយៈពេលយូរមកហើយ ប្រទេសចិនគឺជាប្រទេស ដែលបង្រួបបង្រួមគ្នា សាមគ្គីគ្នា និង មានវិបុលភាពរីកចម្រើន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍអរិយធម៌ សម្រាប់មនុស្សជាតិទាំងឡាយ។ ហើយក្នុងរយៈពេលជាងមួយរយឆ្នាំនេះ គឺចាប់តាំងពីឆ្នាំ១៨៤០ មក ជាមួយនឹងការចុះខ្សោយ នៃរាជវង្សសក្ដិភូមិ និង ទទួលរងការឈ្លានពានពីសត្រូវបរទេស ប្រទេសចិន ធ្លាប់ធ្លាក់ចូលក្នុងស្ថានភាពសង្គមមួយ ដែលពាក់កណ្តាលអាណានិគម និងពាក់កណ្តាលសក្តិភូមិ។ គឺចាប់តាំងពីពេលនោះមក វីរជនឆ្នើមរាប់មិនអស់ បានចាប់ផ្តើមតស៊ូប្រយុទ្ធតបទល់ ដើម្បីឯករាជ្យ និង ភាពរុងរឿងសម្បូរសប្បាយ សម្រាប់ប្រទេសជាតិ ការសម្រេចបាននូវភាពរុងរឿង ដ៏អស្ចារ្យសម្រាប់ប្រជាជនចិន ក្លាយជាគោលដៅនៃក្តីសង្ឃឹម របស់ប្រជាជនចិនគ្រប់រូប ក្នុងរយៈពេលជាងមួយរយឆ្នាំ គឺចាប់តាំងពីឆ្នាំ ១៨៤០ មកក្នុងប្រវត្តិសាស្រ្ត។

ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រចិន ជាងមួយរយឆ្នាំ គឺចាប់តាំងពីឆ្នាំ ១៨៤០ មក បានផ្លាស់ប្តូរទិសដៅអភិវឌ្ឍន៍ នៃប្រវត្តិសាស្រ្តចិន ប្រកបដោយអត្ថន័យ ជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅបំផុត។ វាបានបញ្ចប់នូវប្រវត្តិសាស្រ្ត ដែលប្រជាជនចិនត្រូវបានទទួលរង ការគៀបសង្កត់និង ធ្វើជាទាសករ បានផ្លាស់ប្តូរពីមូលដ្ឋានគ្រឹះ មកជាជោគវាសនារបស់ប្រជាជនចិន បានឈានចូលយុគសម័យថ្មី ដែលប្រជាជនជាម្ចាស់ នៃប្រទេសជាតិ។ នេះបានចាក់មូលដ្ឋានគ្រឹះជាលក្ខណៈ និង ប្រព័ន្ធនយោបាយ សម្រាប់កំណែទម្រង់សង្គម និង បង្កើតសង្គមនិយម ដែលជាលក្ខណៈពិសេសនៃចិន ឲ្យមានភាពជ្រាលជ្រៅបំផុត ក្នុងប្រវត្តិសាស្រ្ត ចិន។

នេះបានបញ្ចប់ប្រវត្តិសាស្រ្ត ពាក់កណ្តាលអាណានិគម និងពាក់កណ្តាលសក្តិភូមិ ដែលកើតមានឡើង ក្នុងប្រទេសចិន និង បានលើកកម្ពស់ឋានៈអន្តរជាតិរបស់ចិន ដែលពុំធ្លាប់មានពីមុនមក។ គោលនយោបាយក្នុងស្រុក និង ក្រៅស្រុកសំខាន់ៗ ដែលអាចធ្វើឲ្យប្រទេសចិន អាចឈរយ៉ាងរឹងមាំ ជាមួយបណ្ដាប្រទេសជាតិ លើពិភពលោកមានដូចជា ការការធ្វើចង្ក្រានថ្មីមួយទៀត ការបោសសម្អាតផ្ទះសម្បែង បន្ទាប់មកអញ្ជើញភ្ញៀវមក ការអភិវឌ្ឍ ទើបជាកិច្ចការចម្បងសំខាន់ជាដើម។ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បានចាក់គ្រឹះក្នុងប្រវត្តិសាស្រ្ត សម្រាប់ការឈានទៅរកភាពអស្ចារ្យរុងរឿង សម្រាប់ប្រជាជនចិន ប្រជាជនចិនសាមគ្គីគ្នា ដែលមិនធ្លាប់មានពីមុនមក និង សម្រេចបានភាពរីកចម្រើនរុងរឿង សម្រាប់ជាតិដ៏មហិមា។

២.មាគ៌ាដ៏ត្រឹមត្រូវមួយ ក្នុងការដឹកនាំទៅកាន់ភាពរុងរឿង
ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានបង្ហាញថា យើងអាចបង្កើតសមិទ្ធផលអភិវឌ្ឍន៍ ដែលមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដើរចេញនូវផ្លូវ ប្រកបដោយភាពត្រឹមត្រូវ គឺជាមូលហេតុដ៏សំខាន់ចម្បង ។ ផ្លូវដែលចិនកំពុងដើរ នាពេលបច្ចុប្បន្ននេះ គឺជាមាគ៌ានៃសង្គមនិយម ដែលមានលក្ខណៈពិសេសនៃចិន ត្រូវបានរួមបញ្ចូលគ្នា នូវភាពជាក់ស្តែងទូទៅ នៃម៉ាក្សនិយម-លេនីននិយម ជាមួយនឹងលក្ខខណ្ឌជាក់ស្តែង ក្នុងប្រទេសចិន ដែលមានភាពខុសគ្នា ពីគំរូប្រព័ន្ធសង្គមផ្សេងទៀត និង មានកម្លាំងជីវិតដែលមានភាពប្លែក និង រឹងមាំខ្លាំងគួរឲ្យកត់សម្គាល់។ មាគ៌ានៃសង្គមនិយម ដែលជាលក្ខណៈពិសេសនៃចិន គឺជាការដឹកនាំប្រជាជនចិន របស់បក្សកុម្មុយនិស្តចិន ហើយមាគ៌ា ដែលត្រូវបានបើកយ៉ាងជោគជ័យ នៅក្នុងការអនុវត្ត និង ការស្វែងរក ដើម្បីក្នុងគោលបំណង ចាក់ឫសយ៉ាងជ្រៅក្នុងប្រទេសចិន និង ជួយដោះស្រាយបញ្ហា ដែលមាននៅក្នុងប្រទេស នេះគឺជាមាគ៌ាដ៏ចាំបាច់ និង វិថីដ៏ធំទូលាយមួយ ក្នុងការសម្រេចបាននូវសុភមង្គល ជូនដល់ប្រជាជន និង ភាពរុងរឿងអស្ចារ្យសម្រាប់ជាតិ។

លក្ខណៈពិសេសបំផុតនៃមាគ៌ាចិន គឺជាការតស៊ូរួមដំណើរ ជាមួយការដឹកនាំ របស់បក្សកុម្មុយនិស្តចិន។ បក្សកុម្មុយនិស្តចិន គឺជាស្នូលដឹកនាំនៃកិច្ចការ ក្នុងសង្គមនិយមដែលជាលក្ខណៈពិសេសនៃចិន គឺជាសសរទ្រូងដ៏រឹងមាំបំផុតរបស់យើង ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ធ្វើឲ្យស្ងប់ស្ងាត់នូវបញ្ហាព្យុះខ្យល់ ដោះស្រាយបញ្ហាវិបត្តិ និងយកជ័យ ជម្នះ។ លក្ខណៈពិសេសគួរឲ្យកត់សម្គាល់នៃមាគ៌ាចិន គឺស្ថិតនៅលើការប្រកាន់ខ្ជាប់ នូវគំនិតអភិវឌ្ឍន៍ ដែលយកប្រជាជនជាធំ។ តស៊ូអភិវឌ្ឍដើម្បីប្រជាជន អភិវឌ្ឍពឹងផ្អែកលើប្រជាជន និង ការចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍជូនដល់ប្រជាជនទាំងមូល គឺជាកម្លាំងជួយដោះស្រាយបញ្ហា រវាងតម្រូវការជីវភាពល្អប្រសើរ ដែលមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការអភិវឌ្ឍគ្មានតុល្យភាព និង មិនមានលក្ខណៈគ្រប់គ្រាន់ គឺជាការធានាបាននូវមូលដ្ឋានគ្រឹះ ជាមាគ៌ាចិនតែងទទួល បានការការពារដោយស្មោះពីមហាជន។ លក្ខណៈពិសេសនៃមាគ៌ាចិន ស្ថិតត្រង់ការប្រមូលផ្តុំកម្លាំងអនុវត្តកិច្ចការងារធំៗ។ ស្ថិតក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្តចិន បានរៀបចំចាត់ចែង យ៉ាងពេញលេញ និង ជួយសម្របសម្រួលទៅវិញទៅមក មានគោលដៅរួមតែមួយ ដោយកាលពីមុន បានចាប់ផ្តើមពីគ្រាប់បែកនុយក្លេអ៊ែ មីស៊ីល និងផ្កាយរណបសប្បនិមិត្ត រហូតឈានដល់យានអវកាស ចាប់ផ្តើមពីព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងរដ្ឋធានីប៉េកាំង រហូតដល់ពិព័រណ៍ពិភពលោក ក្នុងទីក្រុងសៀងហៃ ចាប់ផ្តើមពីការជួយសង្គ្រោះគ្រោះទឹកជំនន់ រហូតដល់ការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស នេះបានបង្ហាញឲ្យឃើញ ពីប្រជាជនចិនរួបរួមចិត្តតែមួយ និង សាមគ្គីគ្នា! ទោះបីផ្លូវល្អរឺមិនល្អ ប្រជាជនជាអ្នកវិនិច្ឆ័យអាជ្ញាកណ្តាល។ ប្រវត្តិសាស្រ្ត និង ការអនុវត្ត បានបង្ហាញម្តងហើយម្តងទៀតថា មាគ៌ាចិនគឺជាជម្រើសរបស់ប្រជាជន អនុលោមតាមផលប្រយោជន៍មូលដ្ឋានគ្រឹះ របស់ប្រជាជនទាំងមូល គឺជាមាគ៌ាដ៏ត្រឹមត្រូវ ដែលសាកសមនឹងលក្ខខណ្ឌ ក្នុងប្រទេសចិន អាចដឹកនាំជាតិ ឈានទៅភាពរស់រវើកសាជាថ្មី។

៣.សំទុះនៃសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះ ទៅកាន់ភាពរុងរឿង
នៅដើមគ្រាដំបូង នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ចិនមានភាពក្រីក្រខ្លាំង និង មានតម្រូវការអភិវឌ្ឍខ្លួនច្រើន។ នៅឆ្នាំ ១៩៥២ ផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិនមានត្រឹមតែ ៦៧,៩ ពាន់លានយ័ន និង មានចំនួន ១១៩ យ័នសម្រាប់មនុស្សម្នាក់ៗ។ ប្រទេសចិនសព្វថ្ងៃនេះ កំពុងតែប្រែប្រួល ទៅជាភាពល្អវិសេសវិសាល នៅក្នុងឆ្នាំ ២០១៩ ផលិតផលក្នុងស្រុកសរុបរបស់ចិន មានចំនួនជិត ១០០ ទ្រីលានយ័ន ដែលឈរលំដាប់ថ្នាក់លេខ ២ នៅលើពិភពលោក និង មានចំនួន ៦៤៦៤៤ យ័នសម្រាប់មនុស្ស ម្នាក់ៗ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អត្រារួមចំណែកជាមធ្យមរបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក មានចំនួនជិត ៣០% បានក្លាយជាកម្លាំង ដ៏មានថាមពលបំផុត ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច របស់ពិភពលោក។ ចាប់តាំងពីឆ្នាំ ២០២០ ដោយប្រឈមមុខជាមួយនឹងជំងឺវីរុស COVID-19 យ៉ាងធ្ងន់ធ្ងរ និង បរិយាកាសខាងក្នុង និងខាងក្រៅ ដែលមានលក្ខណៈស្មុគស្មាញ សេដ្ឋកិច្ចចិនបានបង្ហាញឲ្យឃើញ ពីភាពតាងតឹង ហើយ GDP ក្នុងត្រីមាសទី២ មានលក្ខណៈរបត់ខ្លាំង ដោយសម្រេចបាន នូវកំណើនវិជ្ជមាន ៣,២% គឺជាប្រទេស ដែលមានកំណើនវិជ្ជមានតែមួយគត់ ក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្បង លើពិភពលោក។ នេះបានបង្ហាញជាថ្មីម្តងទៀត នូវភាពសមហេតុផល និង ភាពជឿនលឿននៃប្រព័ន្ធសេដ្ឋកិច្ច និង រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបានផ្តល់ជាទំនុកចិត្ត និង កម្លាំងដ៏រឹងមាំបន្ថែមទៀត ក្នុងការស្តារ និង អភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

ចាប់ពីជាប្រទេស ដែលមិនអាចផ្តល់ដែកគោល និង ប្រេងកាតគ្រប់គ្រាន់ដោយខ្លួនឯង ទៅកាន់វិស័យផលិតកម្មទី១ លើពិភពលោក ចិនបាកសាងស្ថាបនាគ្រប់វិស័យ និងប្រព័ន្ធឧស្សាហកម្ម ទំនើបឯករាជ្យពេញលេញ ជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានប្រភេទឧស្សាហកម្មទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងឧស្សាហកម្មរបស់ អង្គការសហប្រជាជាតិ។ ក្នុងនោះវិស័យ បង្កើតបច្ចេកវិទ្យាខ្ពស់មានដូចជា យាន្តអវកាស ទូរគមនាគមន៍អេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ ថាមពលថ្មី និង វត្ថុធាតុដើមថ្មីៗកំពុងរីកសុះសាយ ហើយការប្រកួតប្រជែង ជាលក្ខណៈខ្នាតធំ មានដូចជាផ្លូវដែកល្បឿនលឿន និង Nuclear power plant ត្រូវបានឈរលំដាប់កំពូលលើពិភពលោក។ ប្រទេសចិន បានបង្កើតបណ្តាញផ្លូវហាយវេ បណ្តាញផ្លូវដែកល្បឿនលឿន និងបណ្តាញ អ៊ិនធឺណេតចល័តធំជាងគេ លើពិភពលោក។ ក្រុមហ៊ុន HUAWEI និង ក្រុមហ៊ុនដទៃទៀត បាននាំមុខគេលើពិភពលោក ក្នុងបច្ចេកវិទ្យា 5G ហើយការសាងសង់បណ្តាញ 5G របស់ប្រទេសចិន គឺមានសំទុះលឿនខ្លាំងគួរឲ្យកត់សម្គាល់ ប្រព័ន្ធ BeiDou Navigation Satelliteលេខបី ទើបតែបានបញ្ចប់ជាស្ថាពរ វាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រកបដោយស្ថេរភាព ក្នុងទីផ្សារ Global Navigation Satellite លើសកលលោក។

ប្រព័ន្ធវិស័យឧស្សាហកម្ម និង វិស័យផលិតកម្មដ៏មានឥទ្ធិពលរបស់ចិន បាននាំមកនូវផលប្រយោជន៍ ជូនដល់ពិភពលោក។ ផលិតផលឧស្សាហកម្មរបស់ប្រទេសចិន ដែលមានចំនួនជាង ២០០ មុខ មានដូចជាដែកថែប ស៊ីម៉ងត៍ និងរថយន្តបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក ហើយសិប្បកម្ម គ្រឿងប្រើប្រាស់ក្នុងផ្ទះ និង វាយនភណ្ឌជាដើម សុទ្ធតែមានឈ្មោះបោះសម្លេងខ្លាំង លើទូទាំងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ថ្មីៗនេះ ផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាកប៉ាល់ កុំព្យូរទ័រ ទូរស័ព្ទចល័ត និង ថាមពលថ្មី ដែលផលិតនៅក្នុងប្រទេសចិន បានក្លាយជាស្លាកសម្គាល់ថ្មីសម្រាប់ការផលិត បានធ្វើឲ្យមនុស្ស នៅជុំវិញពិភពលោកអាចរីករាយជាមួយនឹងផលិតផល ដែលមានគុណភាពខ្ពស់ក្នុងតម្លៃទាប។ ការផលិតនៅក្នុងប្រទេសចិន ក៏ផ្តល់នូវការធានាដ៏រឹងមាំសម្រាប់ជីវិត និងសុខភាពរបស់មនុស្ស នៅជុំវិញពិភពលោកផងដែរ។ ចាប់តាំងពីមានការរីករាលដាលនៃជំងឺវីរុស COVID-19 មក ការផលិតម៉ាស សម្លៀកបំពាក់ការពារ វ៉ែនតាការពារ និងផលិតផលផ្សេងទៀត ក្នុងប្រទេសចិន ដែលប្រើក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសមានចំនួនលើសពី ៨០% ប្រទេសចិនបានបរិច្ចាគសម្ភារ ប្រយុទ្ធប្រឆាំងជំងឺវីរុសជាច្រើន ដល់ប្រទេសដែលពាក់ព័ន្ធ និង អង្គការអន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចជំនួសបាន ក្នុងការប្រយុទ្ធប្រឆាំងជាសកល ជាមួយនឹងជំងឺវីរុសមួយនេះ។

៤.ធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជន បង្កើនកម្លាំងជំរុញឈាន ទៅរកភាពរុងរឿង
ក្តីសង្ឃឹមរបស់ប្រជាជន គឺទិសដៅនៃការអនុវត្តនយោបាយ។ ចាប់តាំងពីការបង្កើត សាធារណរដ្ឋប្រជាមានិតចិនមក ជាពិសេសចាប់តាំង ពីការកែទម្រង់ និង បើកចំហមក ប្រទេសចិនបានជំរុញការអភិវឌ្ឍន៍ កិច្ចការកាត់បន្ថយភាពក្រីក្រ និង ត្រូវបានកត់ត្រាប្រវត្តិសាស្រ្តសិទ្ធិមនុស្ស លើពិភពលោកយ៉ាងល្អពិសេស។ ចាប់ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ ២០១៧ ប្រជាជននៅតាមជនបទ សរុបចំនួន ៧៤០ លាននាក់ នៅក្នុងប្រទេសចិន ត្រូវបានរួចផុតពីភាពក្រីក្រ ជាមធ្យមបានកាត់បន្ថយចំនួនជាង ៥ម៉ឺន នាក់ក្នុងមួយថ្ងៃ។ យោងតាមស្ថិតិ របស់ធនាគារពិភពលោក បានបង្ហាញថា រាល់ចំនួនប្រជាជនក្រីក្រ ១០០ នាក់នៅលើពិភពលោក ដែលត្រូវបានរួចផុតពីភាពក្រីក្រ មានចំនួនជាង ៧០ នាក់មកពីប្រទេសចិន។ នៅចុងឆ្នាំ ២០១៩ ប្រជាជនក្រីក្ររបស់ចិន ត្រូវបានកាត់បន្ថយមកត្រឹម ៥.៥១ លាននាក់ ហើយអត្រាភាពក្រីក្រ បានធ្លាក់ចុះពី ១០,២% មកត្រឹម ០,៦%។ ឆ្នាំ ២០២០ គឺជាឆ្នាំបញ្ចប់កិច្ចប្រឆាំងនឹងភាពក្រីក្រ ក្នុងប្រទេសចិនគ្រប់ជ្រុងជ្រោយ ប្រទេសចិននឹងសម្រេចបានគោលដៅ លុបបំបាត់ភាពក្រីក្រជាដាច់ខាត ហើយភាពក្រីក្រដាច់ខាត នឹងក្លាយជារឿងអតីតកាលមួយ នៅក្នុងប្រទេសចិន។

ចាប់តាំងពីការបង្កើតឡើង នូវសាធារណរដ្ឋប្រជាមានិតចិនមក ការអប់រំថ្នាក់ជាតិក្នុងប្រទេសចិន ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ពីអត្រាអក្ខរកម្ម ៨០% រហូតដល់ការគ្របដណ្តប់ លើវិស័យជួយផ្នែកអប់រំ មានចំនួនជិត ១០០% និង ការអប់រំផ្នែកឧត្តមសិក្សា មានលក្ខណៈពេញនិយម ឥរិយាបថ និង កម្រិតវប្បធម៌ នៃប្រជាជនទទួលបានការកែលម្អយ៉ាងខ្លាំង។ ប្រទេសចិនបានរៀបចំ បង្កើតប្រព័ន្ធធានា ផ្នែកវេជ្ជសាស្រ្តធំបំផុតលើពិភពលោក ចំនួនប្រជាជនដែលចូលរួម ក្នុងការធានារ៉ាប់រងវេជ្ជសាស្រ្តមូលដ្ឋាន ក្នុងទូទាំងប្រទេសបានឈានដល់ ១,៣៥ ពាន់លាននាក់ ហើយអត្រានៃការ ចូលរួមរក្សាស្ថេរភាពមានចំនួនជាង ៩៥% គោលដៅនៃការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត សម្រាប់ពលរដ្ឋត្រូវបានសម្រេច ជាមូលដ្ឋាន។ ទាក់ទងជាមួយនឹងអាយុសង្ឃឹមរស់ របស់ប្រជាជនចិនបានកើនឡើងពី ៣៥ ឆ្នាំកាលពីគ្រាដំបូង នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដល់ ៧៧,៣ ឆ្នាំក្នុងឆ្នាំ ២០១៩ ។ គុណភាពរស់នៅរបស់ប្រជាជនចិន នៅតែបន្តការកែលម្អ ដោយចាប់តាំងពីជំហានញ៉ាំឆ្អែត និងស្លៀកពាក់កក់ក្តៅ រហូតដល់រីករាយនឹងជីវិត ដែលមានគុណភាព របស់ធំៗទាំងបី សម្រាប់ការរៀបអាពាហ៍ពិពាហ៍ ដោយចាប់ផ្តើមដំបូង គ្រាន់តែមានកង់ នាឡិកា និងម៉ាស៊ីនកាត់ដេរនៅទសវត្សឆ្នាំ ១៩៧០ រហូតដល់ត្រូវមានម៉ាស៊ីនបោកគក់ ទូរទស្សន៍ និងទូទឹកកកក្នុងទសវត្សឆ្នាំ ១៩៨០ ហើយក៏ឈានមកដល់ទសវត្សឆ្នាំ ១៩៩០ ត្រូវមានម៉ូតូ កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ និងមកដល់បច្ចុប្បន្ននេះ ត្រូវមានលំនៅស្ថាន រថយន្ត និង ប្រាក់បញ្ញើ តម្រូវការក៏កាន់តែខ្ពស់ទៅៗ ការយល់ដឹងអំពីអារម្មណ៍សុវត្ថិភាព អារម្មណ៍ទទួលបាន និងអារម្មណ៍សុភមង្គល របស់ប្រជាជនត្រូវបានកែលម្អ គួរឲ្យកត់សម្គាល់ផងដែរ។ នៅឆ្នាំ ២០១៩ អត្រារួមវិភាគទាន នៃការចំណាយក្នុងគ្រួសារចិន មានចំនួន ៥៧,៨% ហើយកម្លាំងជំរុញសំខាន់ នៃកំណើនសេដ្ឋកិច្ច ត្រូវបានពង្រឹងកាន់តែរឹងមាំថែម មួយកម្រិតទៀត។

បឋមចិត្តនោះ គឺជាមហាសមិទ្ធផលនៃកិច្ចការ បេសកកម្មអាចដឹកនាំ ឆ្ពោះទៅកាន់អនាគតកាល។ ឈរនៅចំនុចប្រសព្វនៃប្រវត្តិសាស្រ្ត និង អនាគត ប្រជាជនចិននៅក្នុងយុគសម័យថ្មី បានចាប់ផ្តើមដំណើរដ៏អស្ចារ្យ ដែលពោរពេញទៅ ដោយមនោសញ្ចេតនា ក្នុងការសម្រេចគោលដៅ ទៅកាន់ភាពរុងរឿងនៃប្រទេសជាតិ ភាពសម្បូរសប្បាយនៃជនជាតិ និង សុភមង្គលរបស់ប្រជាជន។ ដូចឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានលើកឡើងថា យើងខិតទៅជិតគោលដៅ នៃភាពរីកចម្រើន ដ៏មហិមារបស់ប្រជាជាតិចិន ជាងពេលណាៗទាំងអស់ដែលមាននៅក្នុងប្រវត្តិសាស្ត្រ ហើយរឹតតែមានទំនុកចិត្ត និងសមត្ថភាព ក្នុងការសម្រេចបានគោលដៅនេះ ជាងពេលណាៗទាំងអស់ ក្នុងប្រវត្ដិសាស្ដ្រ។ យើងជឿជាក់យ៉ាងមុតមាំថា មានការដឹកនាំដ៏រឹងមាំ របស់បក្សកុម្មុយនិស្តចិន មានលក្ខ-ណៈពិសេសដ៏ធំធេង សម្រាប់ប្រព័ន្ធសង្គមនិយម និង កម្លាំងតស៊ូពុះពាររួមគ្នារបស់ប្រជាជនចិន ជាងរាប់រយលាននាក់ ប្រទេសចិននាថ្ងៃស្អែក ប្រាកដជា នឹងរឹតតែមានភាពត្រចះត្រចង់ រុងរឿង និងកាន់តែវិបុលភាព៕
(និពន្ធដោយ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា)

To Top