ព័ត៌មានជាតិ

សម្តេចប្រធានព្រឹទ្ធសភា រម្លឹកដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវរក្សាសុខភាព គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីការការពារជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានរម្លឹកដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវរក្សាសុខភាព គោរពប្រតិបត្តិ ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្តីពីការការពារជំងឺកូវីដ១៩ ដោយខិតខំអនុវត្តន៍ឱ្យបានល្អ នូវវិធីសាស្រ្ត ដែលក្រសួងបានណែនាំ ដូចជាធ្វើអនាម័យផ្ទាល់ ខ្លួនជាប្រចាំ សំអាតដៃនឹងទឹកអាល់កុល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ហើយពេលមាន អាការៈមិនស្រួលខ្លួនដោយប្រការណាមួយនោះ ត្រូវរួសរាន់ទៅមន្ទីរពេទ្យដើម្បី ពិនិត្យសុខភាព ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា និងចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តឧប្បលវតី ហៅវត្តឈូក ស្ថិតនៅឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ឧបដ្ឋានសាលាថ្មីនេះ គឺជាសមិទ្ធផលដ៏ថ្មីសន្លាងមួយទៀត រួមចំណែកធ្វើឱ្យវត្ត ឈូកកាន់តែមានគ្រប់រចនាសម្ព័ន្ធ ស័ក្តិសមជាវត្តអារាម របស់ប្រជាពុទ្ធបរិស័ទយើងគ្រប់ៗរូប។

សម្តេចប្រធានព្រឹទ្ធសភា បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គ មហាសេនាបតី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំណាស់ជាមួយកិច្ចការអភិវឌ្ឍប្រទេស ជាតិ បច្ចុប្បន្នរាជរដ្ឋាភិបាល បាន និងកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាបំផុត នៃការធ្លាក់ចុះកំណើន សេដ្ឋកិច្ចជាតិ បណ្ដាលមកពីការរាតត្បាតយ៉ាងសាហាវ បំផុតនៃ ជំងឺកូវីដ-១៩ ដែលនៅទូទាំង ពិភពលោកកំពុងមានការភ័យខ្លាច។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់វត្តឈូករបស់យើង ជួយថែរក្សា ការពារ និងប្រើប្រាស់ឧបដ្ឋាន សាលាថ្មីនេះ ឱ្យបានយូរអង្វែងទុកជាមរតកដល់ កូនចៅយើងទាំងជំនាន់នេះ និងជំនាន់តរៀងទៅ ។ ជាមួយនេះអាជ្ញាធរគ្រប់ថ្នាក់ គ្រប់ផ្នែក របស់ខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់គោរព ឱ្យបានម៉ឺងម៉ាត់ តាមការដឹកនាំរបស់រាជរដ្ឋាភិបាល ថែរក្សាសន្តិភាពឱ្យបានរឹងមាំជានិច្ច ក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពទាំងអស់ការពារ ឯករាជភាពអធិបតេយ្យភាព បូរណភាពដែនដីឱ្យបានគត់មត់តាមការកំណត់របស់ រដ្ឋធម្មនុញ្ញ។ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ដោយខិតខំកាត់បន្ថយឱ្យបានជាអតិបរមា នូវអំពើអសកម្មទាំងឡាយក្នុងសង្គម ដើម្បីឱ្យប្រជាពលរដ្ឋយើងលោកបានរស់នៅប្រកបដោយសុខក្សេមក្សាន្ត ទាំងខាងផ្លូវកាយ និងខាងផ្លូវចិត្ត ព្រមទាំងយកចិត្តទុកដាក់ដល់ការ ផ្ដល់សេវាសាធារណៈជូនប្រជា-ពលរដ្ឋ គ្រប់រូប ដោយគ្មានការរើសអើងប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស និងគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់ តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ស្តីពីការការពារជំងឺកូវីត១៩ ដោយខិតខំអនុវត្តន៍ឱ្យបានល្អនូវវិធីសាស្រ្តដែល ក្រសួងបានណែនាំដូចជាធ្វើអនាម័យផ្ទាល់ខ្លួនជាប្រចាំ សំអាតដៃនឹងទឹកអាល់កុល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ពេលមានអាការៈមិនស្រួលខ្លួនដោយប្រការណាមួយនោះត្រូវរួសរាន់ ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា ក៏បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកនូវចង្ហាន់ និងទេយ្យទាន មកវេរប្រគេនដល់ព្រះសង្ឃ ក្នុងពិធី បុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តឧប្បលវតី (ហៅវត្តឈូក) ឧទ្ទិសកុសលផលបុណ្យ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ សូមទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនអង្គ ពិធីអំពីសមិទ្ធផល ដែលត្រូវបានកាត់ខ្សែបូ សម្ពោធដាក់ឱ្យដំណើរ ការប្រើប្រាស់ជាផ្លូវការ នាពេលនេះរួមមាន៖ ទី១-ឧបដ្ឋានសាលា ដែលមានទំហំ ៣០x២៤ម៉ែត្រ និងមានផ្ទៃអគារ សរុបចំនួន៨២០ម៉ែត្រក្រឡា សាងសង់ឡើង តាមទម្រង់រចនាបថស្ថាបត្យកម្ម បូរាណប្រពៃណីខ្មែរ និយម, ទី២-កុដិថ្មកម្ពស់២ជាន់, ទី៣-ព្រះចេតិយ, ទី៤-បល្លង្កព្រះ, ទី៥-បន្ទប់ទឹក និងសមិទ្ធផលនានាជាច្រើនទៀត ដោយចំណាយ ថវិកាសរុបចំនួន ៤០១.៨៦១ដុល្លារអាម៉េរិក (បួនរយមួយពាន់ ប្រាំបីរយហុកសិប មួយដុល្លារ អាម៉េរិក)។

សូមបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺទទួលបានការឧបត្ថម្ភពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងសប្បុរសជន ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស៕

To Top