ព័ត៌មានជាតិ

ទស្សនៈ និង មតិ៖ ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មិនដូចពីអតីតកាលឡើយ

ភ្នំពេញ៖ ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនស្ទើរគ្រប់វិស័យ មានអគារធំស្គឹមស្កៃជាច្រើន អមដោយផ្លូវស្អាតខ្វែងខ្វាត់ មានស្ថេរភាព សណ្ដាប់ធ្នាប់សង្គម និងរបៀបរៀបរយ ជាងកាលពីអតីតកាលឆ្ងាយណាស់ មិនដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមប្រឆាំងលើកឡើង ដើម្បីធ្វើជាលេសវាយប្រហារ មកលើរាជរដ្ឋាភិបាលនោះឡើយ។

អ្វីដែលក្រុមប្រឆាំង បានវាយប្រហារនិងចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជានោះ គឺធ្វើឡើងក្រោយពីបានដឹងថា ចិននៅចាត់ទុកខេត្តព្រះសីហនុរបស់កម្ពុជា ជាអាទិភាពសម្រាប់អនុវត្តន៍ គោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងវិថីមួយ ឬ Belt and Road Initiative-BRI ដែលលនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការជំរុញការតភ្ជាប់និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងចិន រួមមានរួមមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

ផ្ទុយពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមអមិត្តចោទប្រកាន់ តែជាក់ស្ដែងបទល្មើស ចាប់ជំរិតមនុស្សទារប្រាក់, ជួញដូរអាវុធ, ជួញដូរគ្រឿងញៀន, ចោរឆក់ប្លន់ប្រដាប់អាវុធ, ចោរលួចកាច់កម៉ូតូ, ចោរគាស់ផ្ទះ ចោរលួចកាត់ខ្សែភ្លើង, បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលបានកើតឡើង ក្នុងខេត្តព្រះសីហនុកន្លងមកនោះ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់។ មិនមែនសមត្ថកិច្ចអសមត្ថភាព ដូចការចោទប្រកាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមប្រឆាំងនោះទេ។
ក្នុងនោះករណី ដែលបរទេសមួយចំនួន ចោទប្រកាន់ថា ចិនដាក់មូលដ្ឋានយោធារបស់ខ្លួន នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រោះក្រុមអគតិទាំងនោះ មិនសប្បាយចិត្តនឹងការរីកចំរើន របស់ខេត្តព្រះសីហនុ។ ហើយខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តនេះមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ល។ ខេត្តព្រះសីហនុមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិ ទឹកជ្រៅក្នុងការផ្លាស់ប្ដូរទំនិញ ឆ្លងកាត់ទៅកាន់បណ្ដាប្រទេស នៅទូទាំងពិភពលោក។ ទាំងអស់នេះហើយ ដែលធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍រីកចំរើន យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាព ឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួល ក្នុងការមកបណ្ដាក់ទុន រកស៊ីនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះ ខេត្តព្រះសីហនុ ក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញ ភ្ញៀវទេសចរជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាល រៀបចំប្លង់គោល ប្រើប្រាស់ដីធ្លី ក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាត បំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌល ឧស្សាហកម្ម ផលិតកម្ម បែបបច្ចេកវិទ្យាទំនើប នាពេលខាងមុខ៕

To Top