ព័ត៌មានជាតិ

ឆ្មក់បង្រ្កាបនិងឃាត់បាន រថយន្តដឹកលើសទម្ងន់៧គ្រឿង លើផ្លូវជាតិលេខ ២១ នាក្រុងតាខ្មៅ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័ត របស់ក្រសួង ដឹកនាំដោយលោកតាំង ពៅ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិតកំណត់ សហការ ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន៩គ្រឿង និងឃាត់បានរថយន្ត ដឹកលើសទម្ងន់ចំនួន ៧គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ១៥តោន។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ លោកប្រធានលេខាធិការដ្ឋាន ក៏បានពន្យល់ណែនាំ ដល់ម្ចាស់រថយន្តឲ្យយល់ ពីច្បាប់នៃការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរ កុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ កិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង៤ល្ងាច នៅថ្ងៃដដែល៕

To Top