ព័ត៌មានជាតិ

កម្ពុជា ចែកបទពិសោធន៍ ពីការចាប់ផ្តើម ទេសចរណ៍ ក្នុងស្រុកឡើងវិញ អំឡុងឈប់សម្រាក សងចូលឆ្នាំ ដល់សមាជិក អាស៊ាន-កូរ៉េ

ភ្នំពេញ ៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានចែករំលែកបទពិសោធន៍ល្អៗ ដល់ប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក្នុងការចាប់ផ្តើមឡើងវិញ នូវទេសចរណ៍ផ្ទៃក្នុង ក្រោមការអនុវត្តវិធានសុវត្ថិភាព ដ៏មានប្រសិទ្ធភាព របស់ក្រសួងទេសចរណ៍។

ការលើកឡើងនេះធ្វើឡើង ក្នុងសិក្ខាសាលា ទេសចរណ៍អាស៊ាន-កូរ៉េ ស្តីពីការស្តារឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ «ទេសចរណ៍ឆ្លាតវៃសម្រាប់អាស៊ាន និងកូរ៉េ» កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

កម្ពុជាទទួលបានទេសចរជាតិ និងអន្តរជាតិប្រមាណ ១.៥លាននាក់ អំឡុងពេលសងថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ ដែលរកចំណូល ចូលជាតិប្រមាណ ១០០លានដុល្លារ ដោយទទួល បានការគាំទ្រ និងកោតសរសើរពីអង្គការ ទេសចរណ៍ពិភពលោក។

លោកថោង រដ្ឋសក្តិ សង្កត់ធ្ងន់ថា ក្នុងនាមកម្ពុជាជាប្រធានស្ថាប័ន ទេសចរណ៍ជាតិអាស៊ាន ប្រទេសសមាជិកអាស៊ាន បានស្នើឲ្យកម្ពុជា ដឹកនាំ ក្នុងការរៀបចំវិធានសុវត្ថិភាព និងអនាម័យអាស៊ាន សម្រាប់អ្នកបម្រើការងារ និងសហគមន៍អាស៊ាន និងរៀបចំបង្កើតផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានោះ លោកអគ្គនាយកបានបញ្ជាក់ថា ដើម្បីជំរុញទំនុកចិត្តដល់ទេសចរជាតិ និងអន្តរជាតិឲ្យមក ទស្សនាអាស៊ាន សមាជិកអាស៊ាន បានសម្រេចរៀបចំ ផែនការស្តារឡើងវិញ នៃវិស័យទេសចរណ៍អាស៊ានបន្ទាប់ពី Covid-19 ,គោលការណ៍ណែនាំរួមអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យក្នុងវិស័យ ទេសចរណ៍អាស៊ាន ,រៀបចំ ASEAN Travel Bubble Scheme ៕ ដោយ៖ធី លីថូ

To Top