ព័ត៌មានជាតិ

គណៈកម្មការជំនាញ សភាអាស៊ាន ពិភាក្សាលើ សេចក្ដីព្រាង សេចក្ដីសម្រេចការទូត សភា សម្រាប់សន្តិភាព និងសន្តិសុខ

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការ នយោបាយអន្តរ សភាអាស៊ាន បានពិភាក្សាគ្នា លើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពី ការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកប ដោយចីរភាព ក្នុងតំបន់អាស៊ាន។

លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានដឹកនាំប្រតិភូ គណៈកម្មាធិការនយោ បាយកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ នយោបាយអន្តរសភាអាស៊ាន (អាយប៉ា) លើកទី ៤១ តាមរយៈប្រព័ន្ធវិដេអូដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ក្នុងកិច្ចប្រជុំលោក ឈាង វុន បានលើកឡើងថា បញ្ហាប្រឈមដែលមានស្រាប់ នៅមិនទាន់ត្រូវបានដោះ ស្រាយ ដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខទឹក ស្បៀង ជម្លោះហិង្សា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត អន្តោប្រវេសន៍ខុសច្បាប់ និងភាពក្រីក្រជាដើម ។

លោកលើកឡើងទៀតថា បញ្ហាស្មុគ្រស្មាញទាំងអស់នេះ គឺជាឧបសគ្គ ដល់ការរក្សាសន្តិភាព សន្តិសុខ ប្រកបដោយចីរភាព ដែលត្រូវការយកចិត្តទុកដាក់ និងចូលរួមដោះស្រាយ ពីគ្រប់ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់ ។ នៅក្នុងបរិបទនេះ អង្គការនីតិប្បញ្ញត្តិ និងក្របខណ្ឌកិច្ច សហប្រតិបត្តិការអន្តរសភា អាស៊ាន គឺជាតួអង្គសំខាន់ តាមរយៈការទូតសភា ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខរបស់តំបន់ក៏ដូចជាពិភពលោក។

លោកឈាង វុន បានបញ្ជាក់ថា “សភាកម្ពុជាសូមគាំទ្រ និងជំរុញការបន្តកិច្ចសន្ទនា កសាងទំនុកចិត្ត ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្ដូរទស្សនៈ បទ ពិសោធន៍ និងការអនុវត្តល្អៗ ។ បន្ថែមលើនេះ យើងត្រូវតែជំរុញតួនាទី របស់ការទូតសភា ឲ្យកាន់តែពាក់ព័ន្ធ និងសកម្ម ដើម្បីគាំទ្រប្រព័ន្ធអន្តរជាតិ ផ្អែកលើគោល ការណ៍ច្បាប់ជាតិ និងអន្តរជាតិ ស្របតាមគោល ការណ៍ធម្មនុញ្ញអង្គការ សហប្រជាជាតិ តាមរយៈការប្រើមធ្យោបាយ សន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នា នៅក្នុងតំបន់”។

លោកបន្ថែមថា កម្ពុជាបានធ្វើការកែសម្រួលខ្លឹមសារ មួយចំនួនលើសេចក្ដីព្រាងសេចក្ដីសម្រេច របស់គណៈកម្មាធិការ នយោបាយអាយប៉ា ដោយបានផ្ដោតសារៈសំខាន់យ៉ាងខ្លាំង លើការរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន ។

ចំណែកនៅក្នុង បទអន្តរាគមន៍ របស់គណៈប្រតិភូសភា ប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីសា រៈសំខាន់នៃការទូតសភា និងការប្រើមធ្យោបាយ សន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុងតំបន់ សម្រាប់សន្តិភាពនិងសន្តិសុខ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាននេះ៕

To Top