ព័ត៌មានជាតិ

ក្រសួងសាធារណការ ប្រជុំពិភាក្សាគម្រោង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ នៅទីរួមខេត្តសៀបរាម

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានបើកកិច្ច ប្រជុំពិភាក្សាគម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៨ខ្សែ នៅទីរួមខេត្តសៀបរាម ក្នុងគោល បំណងលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងជំរុញកំណើន ភ្ញៀវទេសចរណ៍ ជាពិសេសកំណើន សេដ្ឋកិច្ចជាតិ ក្រោយចប់វិបត្តិជំងឺកូវីដ-១៩។

កិច្ចប្រជុំនារសៀលនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តសៀមរាប និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួង សាធារណការ ព្រមទាំង ភាគីពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានប្រកាសពីការផ្តល់ ថវិកាចំនួន១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវ ៣៨ខ្សែរ នៅទីរួមខេត្តសៀបរាម ។ ការសាងសង់នេះ នឹងជួយកែលំអហេដ្ឋារចនាសម្ព័ន្ធខេត្តផង និងផ្តល់ការងារដល់ប្រជាជន ដែលអាចប៉ះពាល់ដោយកូវីដ១៩ផងដែរ ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណការ រួមចំណែក ពីគ្រប់ក្រសួងស្ថាប័នទាំងអស់មិនខ្ជះខ្ជាយថវិកា ដែលធ្វើឲ្យសន្សំបានថវិកាប្រមាណជាង៦០០លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស ។ សម្តេចតេជោ សង្ឃឹមថា នៅចុងឆ្នាំ២០២១ សម្ដេចនឹងអញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវទាំង៣៨ខ្សែនេះ។

សូមបញ្ជាក់ថា គម្រោងខ្សែផ្លូវមេ ចំនួន៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ២គន្លង មានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ លាតសន្ធឹង ក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនា សម្ព័ន្ធក្នុងក្រុងសៀមរាប៕

ដោយ ៖ អេង ប៊ូឆេង

To Top