ព័ត៌មានជាតិ

វង់ល្បែងនៅច្រកដារ នៅតែជាកង្វល់របស់ពលរដ្ឋ បើគ្មានការបង្ក្រាប

ត្បូងឃ្មុំ ៖ ល្បែងស៊ីសងមួយវង់ ដែលមានលេងប្រជល់មាន់ បាញ់អាប៉ោង និងល្បែងយូគី ក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែបន្តបើកដំណើរការ បើទោះបីជាមានការស្នើសុំ អោយមានការបង្ក្រាបយ៉ាងណាក៏ដោយ តែបនល្បែងនេះនៅតែបន្តបើកជាធម្មតា ។

ប្រភពពីអ្នកចូលចិត្ត លេងល្បែងប្រជល់មាន់ បានប្រាប់ឲ្យដឹងថា អ្នកចូលលេងភាគច្រើនបំផុត ជាជនជាតិខ្មែរ ដែលមកពីទី ជិតឆ្ងាយ ចូលលេងល្បែងនៅទីនោះ យ៉ាងសុខសាន្ត គ្មានការរំខានពីសមត្ថកិច្ចឡើយ។ ប្រភពបន្តថា ម្ចាស់វង់ល្បែង ឈ្មោះលឹម ។

ទោះជាយ៉ាងណា page បណ្ដាញសង្គមរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្លាប់បានបញ្ជាក់ថា ករណីកាស៊ីណូនៅច្រកទ្វារដារ ដែលមានចម្ងាយ ប្រមាណ១០០ម៉ែត្រពីតំបន់ ស (បារ៉ាស់ខ្មែរនិងវៀតណាម) មានការអនុញ្ញាត្តច្បាប់ គឺទីស្តីការគណៈរដ្ឋមន្រ្តី តាមរយៈ(សជណ)ហើយ ការគ្រប់គ្រងកាស៊ីណូ ជាសមត្ថកិច្ចរបស់នាយកដ្ឋាន ប្រឆាំងល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទោះជាយ៉ាងនោះក្តី ក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែង យ៉ាងគគ្រឹកគគ្រេង នៅក្នុងវង់ល្បែង ដែលជ្រកក្រោមដំបូលកាស៊ីណូនោះ បើតាមមតិពីប្រជាពលរដ្ឋនៅតំបន់នោះថា ប្រការដែលអនុញ្ញាត ឲ្យជនជាតិខ្មែរចូលលេងល្បែងស៊ីសង បើទោះជាកន្លែងមានច្បាប់ ឬក៏កន្លែងអត់ច្បាប់ សុទ្ធតែមានផលប៉ះពាល់ ដល់បញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ នឹងអាចកើតមានបញ្ហាអសន្តិសុខ ដូចជាអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារជាដើម ។ ម្យ៉ាងទៀត ក្នុងបរិបទពិភពលោក កំពុងតែជួបវិបត្តិនៅជំងឺឆ្លង កូវីដ១៩ ក្នុងប្រទេសកម្ពុជាយើង ក៏មានផលប៉ះពាល់ ដល់ជីវភាពប្រជាពលរដ្ឋ ជាច្រើនគ្រួសារផងដែរ ដែលវាជាបន្ទុកយ៉ាងធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល ដែលកំពុងមមាញឹក ក្នុងការឧបត្ថម្ភដល់គ្រួសារ ដែលរងផលប៉ះពាល់ ដើម្បីលើក ស្ទួយជីវភាពរបស់ពួកគាត់ នៅក្នុងអំឡុងពេលដែលប្រទេស កំពុងជួបវិបត្តិជំងឺកូវីដ១៩ នេះ។

ហេតុដូច្នេះល្បែងស៊ីសង ដែលមានប្រជាពលរដ្ឋខ្មែរ ចូលលេងដោយសេរីយ៉ាងនេះ គួរតែសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ធ្វើការពិចារណា ដើម្បីរកវិធានការបង្រ្កាប ដើម្បីជាប្រយោជន៍ ដល់សេចក្តីសុខ របស់ប្រជាពលរដ្ឋផង ក៏ដូចជាសម្រាលវិបត្តិរបស់ប្រទេសជាតិ ដែលកំពុងជួបប្រទះ នូវផលប៉ះពាល់នៃជំងឺកូវីដ១៩ ផងដែរ ។

ម្យ៉ាងទៀតហេតុផល ដែលនាំឱ្យកើតអំពើហិង្សាក្នុងគ្រួសារ និងអំពើចោរកម្ម ឬការប៉ះពាល់ជីវភាពពលរដ្ឋ គឺអាចមួយផ្នែកធំកណ្ដាល មកពីការប្រព្រឹត្តល្បែងស៊ីសង ដូច្នេះបើប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បាននាំគ្នាសម្រុក ទៅលេងល្បែងមួយវង់ ដែលជួលពីកាស៊ីណូ តើអាចមានផលប៉ះពាល់ ដល់ជីវភាពប្រជាពលរដ្ឋ នឹងអាចសង្ឃឹមបានទេថា មិនកើតអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ ? ។

ទាក់ទិនទៅនឹងការលើកឡើង របស់ប្រជាពលរដ្ឋ និងដោយសារតែស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា កាស៊ីណូនោះមានច្បាប់ ហើយការ គ្រប់គ្រងការស៊ីណូ ជាសមត្ថកិច្ច របស់នាយកដ្ឋាន ប្រឆាំងល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះ សូមអង្គភាពជំនាញ មេត្តាពិនិត្យនិងពិចារណាឡើងវិញ ថាតើគួរអនុញ្ញាតឬទេ ? បើកាស៊ីណូមានច្បាប់ ហើយជួលទីតាំងឲ្យទៅវង់ល្បែងផ្សេង ដែលភាគច្រើនអ្នកចូលលេង ជាជនជាតិខ្មែរយ៉ាងដូច្នេះ ? ៕

To Top