ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់ទីភ្នាក់ងារស្វីសថា រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញា ថែរក្សាមន្ទីរពេទ្យគន្ធបុប្ផា ឲ្យនៅឋិតថេរ ដើម្បីជួយសង្គ្រោះ កុមារកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្ត ក្នុងការរួមចំណែកថែរក្សានូវអ្វីដែលជាមរតកមន្ទីរពេទ្យគន្ធបុប្ផា ឲ្យនៅឋិតថេរ ដើម្បីបន្តបំរើកុមារនៅប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Markus Buerli ប្រធានថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស ប្រចាំកម្ពុជា នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច ស ខេង ថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលស្វីស ដែលកន្លងមកបានជួយគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសេស ក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។

សម្ដេច មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ណាស់ ក្នុងការរួមចំណែកថែ រក្សានូវអ្វីដែលជាមរតកមន្ទីរពេទ្យគន្ធបុប្ផាឲ្យបាននៅឋិតថេរ ដើម្បីបន្តបំរើសេចក្ដីត្រូវការរបស់ប្រជាព លរដ្ឋ និងសង្គមកម្ពុជា»។

ជាការឆ្លើយតប លោក Markus Buerli បានលើកឡើងថា អង្គភាពមួយនេះ បានដំណើរការជួយគាំទ្រ វិស័យផ្សេងៗនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២មក ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលស្វីស កំពុងតែរៀបចំយន្តការយុទ្ធសាស្រ្តគាំទ្របន្តទៀតសម្រាប់កម្ពុជា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។

លោកបន្ថែមថា ស្វីសក៏បានចូលរួមចំណែកលើវិស័យមួយចំនួនជាមួយកម្ពុជា ទាំងវិស័យកសិកម្ម វិស័យសន្តិសុខស្បៀង ការបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា បន្តទៀតផងដែរ៕

To Top