ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ណែនាំ ក្រសួងសាធារណការ-ក្រសួងដែនដី ចុះពិនិត្យវាយតម្លៃ បញ្ជាក់ឲ្យល្អិតល្អន់ អំពីស្ថានភាពផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឲ្យ ក្រុមការងារ បច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសិក្សា និងធ្វើការវាយតម្លៃបញ្ជាក់ឲ្យបានល្អិតល្អន់ អំពីស្ថានភាពជាក់ស្តែងផ្លូវ៣៨ខ្សែ នៅក្រុង សៀមរាប ដើម្បីឈានទៅរកឯកភាពគ្នា ដែលអាចធានានូវការសាងសង់ផ្លូវ ប្រកបដោយគុណភាព។

សូមជម្រាបថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា ប្រមាណពី១០០ ទៅ១៥០ លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយ ក្រុងមួយនេះ ឲ្យក្លាយជាទីក្រុងដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំង ជំរុញកំណើនភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះនឹងចាប់ផ្ដើមសាងសង់ នៅចុងឆ្នាំ២០២១។ ការស្តារឡើង វិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកក្នុងការស្ថា បនាផ្លូវទូទាំងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំគម្រោងសាងសង់ផ្លូវ ចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្ដេច ទៀ បាញ់ អំណរគុណចំពោះ រាជរដ្ឋាភិបាលសម្រេចផ្តល់ថវិកាជាតិ ដល់ការកែលម្អហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន នៅក្នុងក្រុងសៀមរាប។

សម្ដេច មានប្រសាសន៍ថា «សូមណែនាំឲ្យក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ (ក្រសួងដែនដី-ក្រសួងសាធារណការ) ចុះពិនិត្យសិក្សា និងធ្វើការវាយតម្លៃ បញ្ជាក់ឲ្យបានល្អិតល្អន់ លើស្ថានភាពជាក់ ស្តែងផ្លូវទាំង៣៨ខ្សែ ដែលបានស្នើឡើងនេះ ដើម្បីឈានទៅរកការ ឯកភាពគ្នា ក្នុងកម្រិតបច្ចេកទេស រួមមួយ ដែលអាចធានានូវការសាងសង់ផ្លូវប្រកបដោយគុណភាពខ្ពស់ និងមាននិរន្តរភាពយូរអង្វែង»។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអនុវត្តគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាបនេះ ឲ្យទទួលបានជោគជ័យតាមការ គម្រោងទុក ដោយសហការ យ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

ចំណែក លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ គឺជាការបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងពុះពារឧបសគ្គ របស់រាជរដ្ឋាភិបាលកម្ពុជា ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា ប្លង់នៃការសិក្សាលម្អិត និងផែនការនៃការអនុវត្តគម្រោងនេះ នឹងត្រូវបង្ហាញជូន ក្នុងកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលគ្រោងនឹងធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕ ដោយ ៖ អេង ប៊ូឆេង

To Top