ព័ត៌មានជាតិ

ទូតជប៉ុន ប្រចាំកម្ពុជា ជូនពរឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលនេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានជូនពរឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ នៅពេលជួបជុំគ្រួសារ។

តាមរយៈវិដេអូឃ្លីបបង្ហោះ នៅលើហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០លោកទូតបានថ្លែង ថា «ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខ្ញុំសូមជូនពរ លោក-លោកស្រី សប្បាយរីករាយ និងជួបជុំក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព»។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធ ធ្វើតាមបវេណីព្រះពុទ្ធសាសនា តាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិ ធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេស គឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ឧបការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ទៅលោកខាងមុខ និងបានជាចំណែក សម្រាប់កសាងនូវបុណ្យកុសល សម្រាប់ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត់រៀងៗខ្លួនផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top