ព័ត៌មានជាតិ

វិភាគ ៖ ឥណ្ឌាសម្ពោធ យន្តហោះចម្បាំង និងចង្អុលមុខចិន រឿងជម្លោះព្រំដែន

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Hindustantimes បានចុះផ្សាយថា លោក រ៉ាចណាត ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសឥណ្ឌា និងលោកស្រី ហ្វ្ល័ររ៉ិន ប៉ាលី (Florence Parly) រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសបារាំង បានចូលរួមជាអធិបតី ក្នុងការបើកសម្ពោធយន្តហោះចម្បាំង កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ។

ពិធីសម្ពោធដាក់អោយប្រើប្រាស់ យន្តហោះចម្បាំងថ្មីនេះ ត្រូវបានធ្វើឡើងនៅមូលដ្ឋាន ទ័ពអាកាស អាំបាឡា (Ambala) ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយមានយន្តហោះចម្បាំងប្រភេទ រ៉ាហ្វាល់ (Rafale) ចំនួន៥គ្រឿងក្នុងចំណោម៣៦គ្រឿង ដែលឥណ្ឌាបានទិញពីបារាំង ក្នុងតម្លៃទឹកប្រាក់១៣០០លានអឺរ៉ូ ទៅតាមកិច្ចសន្យា រវាងប្រទេសទាំងពីរ ។

នៅក្នុងពិធីសម្ពោធយន្តហោះចម្បាំងនោះ លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានថ្លែងថា ឥណ្ឌានិងបារាំង បានបើកទំព័រថ្មីនៃចំណងសហការផ្នែកកងទ័ព និងចំណងមិត្តភាព រឹងមាំ ទាំងផ្នែកស៊ីវិល និងយោធា ហើយប្រទេសទាំងពីរនឹងពង្រឹង ទំនាក់ទំនងផ្នែកការទូត ផ្នែកពាណិជ្ជកម្ម និងផ្នែកបច្ចេកវិទ្យាផងដែរ ។

ចំណែកលោករដ្ឋមន្ត្រី ការពារជាតិឥណ្ឌាវិញ បានលើកឡើងថា វត្តមាននៃយន្តហោះចម្បាំង Rafale ដ៏ទំនើបដែលឥណ្ឌាបានទិញ ពីប្រទេសបារាំង គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កងកម្លាំងទ័ពអាកាស របស់ប្រទេសឥណ្ឌា ដែលឥណ្ឌាមានយន្តហោះចម្បាំង Rafale គឺអ្វីៗនឹងលែងដូចកាលពីមុនទៀតហើយ ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានបន្តថា យន្តហោះទំនើបនេះ ជាសក្ខីកម្មបង្ហាញអំពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការការពារព្រំដែន បូរណភាពដែនដីឥណ្ឌា និងរក្សាសន្តិភាពក្នុងតំបន់ ដែលការលើកឡើងបែបនេះ ទំនងជារដ្ឋមន្ត្រីការពារជាតិរូបនេះ ចង់សំដៅទៅលើប្រទេសចិន និងប្រទេសប៉ាគិស្ថាន ដែលកំពុងមានជម្លោះព្រំដែនជាមួយឥណ្ឌា បូករួមទាំងការប៉ះទង្គចគ្នាថ្មីៗរវាងកងទ័ពឥណ្ឌា និងចិន នៅតំបន់ព្រំដែន ។

នេះជាលើកទី៣ហើយ ដែលលោកស្រីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសបារាំង បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីលោកស្រីចូលកាន់តំណែងមក ដែលអាចនិយាយបានថា វាជាយុទ្ធសាស្ត្រការទូត និងពាណិជ្ជកម្មរបស់ក្រសួងការពារជាតិបារាំង ក៏ថាបាន ក្នុងការជួយផ្សព្វផ្សាយឧស្សាហកម្មសព្វាវុធទំនើបរបស់បារាំង។

សូមបញ្ជាក់ជូនថា ពិធីសម្ពោធដាក់អោយប្រើប្រាស់ យន្តហោះចម្បាំងនេះ ត្រូវបានធ្វើឡើងតែរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីប្រទេសឥណ្ឌា និងចិន បានចង្អុលមុខគ្នាក្នុងជម្លោះ នៅតាមព្រំដែន ដោយឥណ្ឌាចោទប្រកាន់ចិន ពីបទវាទីចូលទឹដីឥណ្ឌា ហើយចិនក៏បានចោទប្រកាន់ឥណ្ឌាវិញក្នុងជម្លោះប្រហាក់ប្រហែលគ្នានេះ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង រហូតដល់ប្រទេសមហាអំណាច នុយក្លេអ៊ែរ នៅតំបន់អាស៊ីទាំង២ចង្អុលមុខគ្នា គឺដោយសារកាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញានេះ ចិន និងឥណ្ឌាបានចោទ គ្នាទៅវិញទៅមក ពីការផ្ទុះអាវុធនៅជ្រលងភ្នំហ្កាល់វ៉ាន់ ដែលមានកំពស់ជាង៤៥០០ម៉ែត្រស្ថិតក្នុងតំបន់ ឡាដាកលើជួរភ្នំហេមពាន្ត ។
នៅទីកន្លែងដដែលនោះហើយ ដែលកាលពីថ្ងៃទី១៥ ខែមិថុនា អំពើហិង្សា វាយប្រតាយប្រតប់ដោយប្រើដំបង និងដុំថ្មបានផ្ទុះឡើងរវាងកងទ័ពទាំងពីរ ដែលបណ្តាលឲ្យស្លាប់ កងទ័ពឥណ្ឌាចំនួន២០នាក់ បានបាត់បង់ជីវិត និងកងទ័ព របស់ប្រទេសចំនួន៤៣នាក់បានស្លាប់ និងរងរបួសក្នុងអំពើហិង្សានោះ ។

ការចង្អុលមុខ និងការទម្លាក់កំហុសដាក់គ្នារវាងចិន និងឥណ្ឌាបានធ្វើឡើងតាមរយៈសេចក្តី ប្រកាសព័ត៌មានរៀងៗខ្លួន ដែលខាងចិន ក្រសួងការពារជាតិ បានចោទប្រកាន់ឥណ្ឌា ពីបទបង្កហេតុយោធាធ្ងន់ធ្ងរ បន្ទាប់ពីទាហានឥណ្ឌាបានដើរឆ្លងខ្សែបន្ទាត់ព្រំដែន និងបានបាញ់កាំភ្លើង ព្រមានកាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញានេះ ។

ចម្លើយតបភ្លាមៗពីខាងឥណ្ឌា
សេចក្តីប្រកាសព័ត៌មាន របស់កងទ័ពបានទម្លាក់កំហុសដាក់ចិន ដោយចោទកងទ័ពចិនពីបទ បានបាញ់កាំភ្លើងច្រើនគ្រាប់ ទៅលើអាកាសដើម្បីសំឡុតបំភ័យកងទ័ពឥណ្ឌា ។
តែទោះជាមានការបង្ករឿងធ្ងន់ធ្ងរ ពីកងទ័ពចិនបែបនេះក៏ដោយ ក៏កងទ័ពឥណ្ឌាបានរក្សាភាពអត់ធ្មត់ និងប្រកាន់អាកប្បកិរិយា ប្រកបដោយភាពចាស់ទុំ និងការទទួលខុសត្រូវ នេះជាការបន្ថែមរបស់សេចក្តីប្រកាសព័ត៌មានកងទ័ពឥណ្ឌា ។

សូមរំលឹកជូនថា ជម្លោះព្រំដែនរវាងប្រទេសធំ អាស៊ីទាំងពីរជាជម្លោះរុំាំរ៉ៃ អូសបន្លាយជាងកន្លះសតវត្សមកហើយ ដែលជម្លោះមួយនេះបានធ្វើឲ្យចិន និងឥណ្ឌាធ្វើសង្រ្គាមបង្ហូរ ឈាមគ្នា ម្តងកាលពីឆ្នាំ១៩៦២កន្លងទៅ ៕

ដោយ ៖ អ៊ី ជិន

To Top
×