ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន អញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

នាឱកាសនោះ សម្តេចក្រឡាហោម និងលោកស្រី ព្រមទាំង មន្រ្តីរាជការស៊ីវិល ក៏បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំង ទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោកផងដែរ។

សម្តេចក្រឡាហោម និងលោកស្រី ក៏បានមានសទ្ធាជ្រះថ្លានាំយកបច្ច័យផ្ទាល់ខ្លួន រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត សម្រាប់ប្រគេន ដល់វត្តមុនីប្រសិទ្ធីវង្សដើម្បីទំនុកបំរុង ដល់ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងវត្តផងដែរ។

សូមជម្រាបថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំនានា ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែដឹកនាំមន្រ្តីរាជការក្រោមឱវាទ ប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមវត្តអារាមនានាជារៀងរាល់ឆ្នាំ។ ដែលស្របពេលជាមួយនិងប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជនទូទាំងប្រទេសកម្ពុជា កំពុងចូលរួម រីករាយប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន ព្រះសង្ឃដែលគង់នៅទីអារាមទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក៕

To Top