ព័ត៌មានជាតិ

៨ខែ រាជរដ្ឋាភិបាល ផ្តល់ថវិកា៧៨.៧ ពាន់លានរៀល ដល់ស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស

ភ្នំពេញ ៖ ចាប់ពីថ្ងៃដាក់ឲ្យដំណើរការ នៃការផ្តល់ជូន គោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល រយៈពេល៨ខែ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ថវិការាជរដ្ឋាភិបាលជាង៧៨.៧ ពាន់លានរៀលហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បើកផ្តល់ជូនស្រ្តីសម្រាលកូន ចំនួន ១៩៥ ៥៣០នាក់ ក្នុងនោះកូន ចំនួន១៩៦ ៨៦៦នាក់។

យោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានរៀបរាប់ថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២០ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ជាង២.២ ពាន់លានរៀល ដែល ប.ស.ស បានបើកផ្តល់ជូនសមាជិក ប.ស.ស ជាស្ត្រីសម្រាលកូន ចំនួន៥ ៦៦២ នាក់ ដែលមានចំនួនកូនសរុប ចំនួន៥ ៦៩៩ នាក់។

សូមរំលឹកថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាល ត្រូវអនុវត្តតាមសេចក្តីណែនាំ ដូចខាងក្រោម៖

ទី១-កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទ នៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។

ទី២-សាមីខ្លួន ត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់ កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣-ករណីសាមីខ្លួន មិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់ មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

និងទី៤-សាមីខ្លួន ឬសាច់ញាតិ ត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាក ក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top